អត់ដែលដឹងថា រមណីយដ្ឋានត្រាវកុដ មានទេសភាពស្រស់ស្អាតបែបនេះសោះ !
ត្រាវកុដ រមណីយដ្ឋានឋានសួគ៌ បែបធម្មជាតិថ្មី ស្ថិតក្នុង ភូមិក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ត្រូវបានគេកត់សម្គាល់ឃើញថា ជាទីកន្លែងកម្សាន្តដ៏ទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរយ៉ាងច្រើន ដែលបានទៅកម្សាន្តខេត្តសៀមរាប រួចហើយបានទៅលំហែរកាយនៅទីនោះ ។
ត្រាវកុដជារមណីយដ្ឋានធម្មជាតិមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរបានចន្លោះពី៥០ ម៉ឺនទៅ ១លាន នាក់ ក្នុងមួយឆ្នាំៗ។ ដោយសាររមណីយដ្ឋានឋានសួគ៌ត្រាវកុដនេះ ជាតំបន់ទេសចរណ៍ដ៏សំខាន់ ដែលមានបឹងប្រវត្ដិសាស្ដ្រមួយ មានទឹកហូរធ្លាក់ចេញពីលើភ្នំគូលែន ជារៀងរាល់ថ្ងៃទើបធ្វើឱ្យមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ។
តំបន់ទេសចរណ៍ត្រាវកុដ បានបង្កើតឱ្យមានមុខរបរដល់ប្រជាសហគមន៍ ដែលបានជួយជ្រោមជ្រែងជីវភាពប្រជាសហគមន៍ឱ្យមានជីវភាពកាន់តែប្រសើរឡើង និង ជួយកាត់បន្ថយការធ្វើចំណាកស្រុកទៅរកការងារផងដែរ។
តំបន់ទេសចរណ៍ត្រាវកុដ មានភាពកាន់តែប្រសើរឡើង ដោយការអភិវឌ្ឍន៍ភូមិធម្មជាតិឱ្យក្លាយជាភូមិដូចឋានសួគ៌គួរជាទីទាក់ទាញ និង ចាប់អារម្មណ៍បំផុតនៅក្នុងខេត្តសៀមរាប ៕
ដោយ៖សុថាត់