ទៅខេត្តពោធិ៍កុំភ្លេចចូលលេងសហគមន៍ភូមិបណ្តែតទឹកកំពង់លួង !
សហគមន៍ភូមិអណ្តែតទឹកកំពង់លួង មានទីតាំងស្ថិតនៅក្នុងឃុំកំពងលួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៣៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩គីឡម៉ែត្រពីរាជធានីភ្នំពេញ។ ពេលលោក អ្នកធ្វើដំណើរមកដល់ផ្សារក្រគរ មានផ្លូវបំបែកជាបួន រវាងផ្លូវជាតិលេខ៥និង លេខ៥៤ និង ផ្លូវលេខ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និង ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៤ពីទីប្រជុំជនស្រុកក្រគរចម្ងាយ ៧គីឡូម៉ែត្រ ។
បន្ទាប់មកត្រូវធ្វើដំណើរឆ្លងកាត់ ភូមិទី៤ សាលាឃុំកំពង់លួង និង អនុវិទ្យាល័យកំពង់លួងទើបទៅដល់មាត់ទឹក ដែលនៅទីនោះមានទូកតូចធំនៅតម្រៀបគ្នារង់ចាំដឹកភ្ញៀវទេសចរ និងដឹកទំនិញ ផ្សេងៗ ទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក។ នៅទីនោះ មានភូមិចំនួន៤នៅលើទឹក និង ១ភូមិទៀតនៅលើគោក។ ភូមិលើទឹក មានភូមិទី១ ទី២ ទី៣ និង ទី៥។ នៅក្នុងភូមិមានសេវាគ្រប់យ៉ាងដូចនៅលើគោកដែរ ដូចជា សេវាលក់ទំនិញ ហូបចុក ទំនិញប្រើប្រាស់គ្រប់យ៉ាង លើកលែងតែគ្រឿងយន្តធំៗ ។ មានវត្តខ្មែរ វត្តវៀតណាម ព្រះវិហាគ្រឹះសាសនា មានជនជាតិរស់នៅចម្រុះគ្នាមានខ្មែរ វៀតណាម ចាម ចិន និង មានមុខរបរចម្រុះដូចជានេសាទត្រី និង ជួញដូរផ្សេងៗ ។ ទេសភាព ព្រៃរនាម ឬព្រៃលេចទឹក សត្វស្លាបចុះរកចំណី និង ហិចហើរជាច្រើនប្រភេទ ទូកអ្នកនេសាទ ទេសភាពផ្ទៃទឹកទេសភាពភូមិបណ្តែតទឹកពេលយប់( ដូចជាទីក្រុងមួយដែលកំពុងអណ្តែតទឹក)។
ការបម្រើសេវាកម្មដឹកភ្ញៀវទេសចរ ក្នុងសហគមន៍នេះមានទូកចំនួន៣២ ( ទូកតូចចំណុះ៣ទៅ៦នាក់ ចំនួន២៧ទូក និង ទូកធំចំណុះចាប់ពី៧ដល់៣០នាក់ ចំនួន៣ទូក)សម្រាប់ដឹងភ្ញៀវមើលទេសភាព និង ជីវភាពរស់នៅរបស់អ្នកភូមិ ដោយកំណត់តម្លៃសេវាទូក ១៣ដុល្លារ /មួយម៉ោង(ទូកតូច) ឬ ២ដុល្លារ /នាក់ /ម៉ោង (ទូកសាឡង់)។ ផ្ទះសំណាក់លើទឹក ( Homestay) មានចំនួន៣កន្លែង តម្លៃស្នាក់នៅ ៦ដុល្លា /ម៉ោង /នាក់ /យប់ និង បម្រើសេវាហូបចុកបែបសាមញ្ញៗផងដែរ ជាពិសេសគឺត្រីតែម្តង៕
ដោយ៖សុថាត្ (ប្រភព មន្ទីរទេសចរខេត្ត)