បានភ្លក់នំឬនៅ? កន្លែងលក់នំខ្មែរមួយកន្លែងសៀមរាប កំពុងផ្ទុះខ្លាំង ព្រោះកូនអ្នកលក់សង្ហា ហើយរសជាតិនំក៏ឆ្ងាញ់
ថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ហាក់បង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះវីដេអូ និង រូបភាពបង្ហោះមួយចំនួនដែលបង្ហាញឱ្យឃើញពីកន្លែងលក់នំខ្មែរមួយកន្លែងក្នុងខេត្តសៀមរាប ដែលមានលក់នំពងអន្សង នំក្រូច នំសណ្ដែក និង នំកង ជាដើម ជាមួយនឹងរសជាតិដ៏ឆ្ងាញ់ តម្លៃក៏ថោកសមរម្យ ជាពិសេសអ្នកលក់នំសង្ហា និង រួសរាយថែមទៀត។
ជាក់ស្ដែង យោងតាមការចែករំលែកពេញបណ្ដាញសង្គមបានឱ្យដឹងថា កន្លែងលក់នំដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននាពេលបច្ចុប្បន្ននេះមានឈ្មោះថា «ដំណាក់នំ» ដែលមានទីតាំងស្ថិតនៅជិតវត្តដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ខាងលិចផ្សារដីហ៊ុយ ២០០ ម៉ែត្រ។
គួរឱ្យដឹងដែរថា កន្លែងលក់នំនេះបានល្បីឈ្មោះ ដោយសារមានលក់នំខ្មែរ ជាច្រើនមុខដូចជា នំកង នំក្រូច នំក្រូចប្រៃ នំពងអន្សង នំចង្កឹះ នំល្មូល នំចាក់ និង នំសណ្ដែក ហើយកន្លែងនេះដែរចាប់បើកតាំងពីម៉ោង ៦ ព្រឹករៀងរាល់ថ្ងៃ ព្រមទាំងមានឈុតបាយសាច់ចិញ្ច្រាំ បាយសាច់មាន់ និង បាយសាច់ជ្រូកជាដើម។
យ៉ាងណាមិញ មូលហេតុដែលធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ចំពោះកន្លែងលក់នំនេះ មិនមែនត្រឹមតែមានលក់នំច្រើនប្រភេទនោះទេ ប៉ុន្តែនំទាំងនោះមានទាំងរសជាតិឆ្ងាញ់ និង មានតម្លៃសមរម្យថែមទៀត។ ជាពិសេសគឺមានអ្នកលក់ ទាំងសង្ហា និង រួសរាយថែមទៀត៕