កក់លឿនៗ! រាត្រីឆ្លងឆ្នាំ កំពូលស្កាយបារប៉ុន្មានកន្លែងនេះរៀបចំកម្មវិធីយ៉ាងពិសេស បានទាំងអ្នកកាន់ដៃ និង អ្នកកាន់ដប
រាត្រីឆ្លងឆ្នាំជាឱកាសដ៏អស្ចារ្យសម្រាប់បង្កើតអនុស្សាវរីយ៍ជាមួយមិត្តភក្តិ ក្រុមការងារ ក្រុមគ្រួសារ ក៏ដូចជាមនុស្សសំខាន់។ ខណៈថ្ងៃឆ្លងឆ្នាំកាន់តែរំកិលជិតចូលមកដល់ «ប្រជាប្រិយ» សូមណែនាំ កំពូលស្កាយបារ ៤ កន្លែង ដែលមានរៀបចំកម្មវិធីពិសេសនៅរាត្រីឆ្លងឆ្នាំ ហើយក៏ជាកន្លែងអំណោយផលបំផុតសម្រាប់ការទស្សនាការបាញ់កាំជ្រួច។
១. Celeste Revolving Skybar
ស្ថិតនៅជាន់ទី ៤៣ នៃអគារ The Penthouse Residence ទល់មុខទៅនឹងផ្សារទំនើបអ៊ីនអន ១ ស្កាយបារវិលដំបូងគេនៅកម្ពុជានេះផ្តល់នូវការអង្គុយលម្ហែទស្សនាទិដ្ឋភាព ៣៦០ ដឺក្រេដោយមិនចាំបាច់ប្តូរកន្លែង។ នៅរាត្រីថ្ងៃឆ្លងឆ្នាំ ទីនេះមានការរៀបចំជាអាហារប៊ូហ្វេពេលល្ងាច រួមជាមួយកម្មវិធីសប្បាយៗដើម្បីរង់ចាំរាប់ថយក្រោយ និងមើលកាំជ្រួចហើយផ្តិតយករូបភាពយ៉ាងពេញចិត្ត។ ចំពោះតម្លៃសំបុត្រ ១២០ ដុល្លារឡើងទៅ។
២. Sora Phnom Penh
ស្ថិតនៅជាន់ទី ៣៧ នៃអគារ Vattanac Capital បារមួយនេះអំណោយផលសម្រាប់ការលម្ហែអារម្មណ៍គយគន់ទិដ្ឋភាពថ្ងៃរៀបលិច រហូតដល់ទីក្រុងបញ្ចេញភ្លើងពណ៌ឆើតឆាយនាពេលរាត្រី។ នៅថ្ងៃឆ្លងឆ្នាំទៀតសោត ទីនេះមានរៀបចំកម្មវិធីទទួលទានអាហារដ៏ពិសេស ព្រមជាមួយការប្រគំតន្ត្រីផ្ទាល់រហូតដល់វិនាទីរាប់ថយក្រោយ។ ចំពោះសំបុត្រចូលតម្លៃ ១១៨ ដុល្លារក្នុងម្នាក់ ដែលមានរួមបញ្ចូលភេសជ្ជៈពីរមុខ និងអាហារបែប canapés។
៣. HighGround Skybar
បង្កប់ខ្លួនលើកំពូលអគារ Amass Central ក្នុងតំបន់បឹងកេងកង១ ទីនេះអនុញ្ញាតឱ្យយើងបានទស្សនាទិដ្ឋភាព ៣៦០ ដឺក្រេនៃទន្លេ ព្រះបរមរាជវាំង រួមទាំងទីក្រុងភ្នំពេញយ៉ាងស៊ីវិល័យ។ សម្រាប់ថ្ងៃឆ្លងឆ្នាំ ស្កាយបារនេះនឹងរៀបចំតុបតែងឱ្យប្រែក្លាយទៅជាឋានសួគ៌ដ៏ស្តុកស្តម្ភមួយសម្រាប់ការអបអរស្វាគមន៍ឆ្នាំថ្មី។ ជាពិសេសមានឌីជេចាក់ភ្លេងកំដរអារម្មណ៍ និងរាំលេងកម្សាន្តពេញមួយរាត្រី។ សំបុត្រចូលមានតម្លៃ ៧៩ ដុល្លារ អាចប្រើសម្រាប់ការកុម្មង់ម្ហូប និងភេសជ្ជៈ។
៤. La Vida Skybar
មកក្រោយគេមែនពិត តែមិនឱ្យចាញ់គេសោះឡើយ។ ទើបសម្ពោធផ្លូវការកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ នេះ La Vida បានក្លាយជាស្កាយបារកំពូលខ្ពស់ជាងគេនៅកម្ពុជា។ វាមានកម្ពស់ដល់ទៅ ២៣០ ម៉ែត្រ ស្ថិតនៅជាន់ទី ៤៨ នៃអគារ Morgan Tower កោះពេជ្រ។ ទីនេះក៏ធ្វើការលក់សំបុត្រសម្រាប់កម្មវិធីរាត្រីឆ្លងឆ្នាំផងដែរ។ ចំពោះតម្លៃ សូមតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ La Vida៕