តំបន់ចុងឃ្នៀសធ្វើឱ្យភ្ញៀវទេសចរបរទេសចាប់អារម្មណ៍បែបនេះផង !(វីដេអូ)
ជារៀងរាល់ថ្ងៃតំបន់ចុងឃ្នៀស ដែលស្ថិតនៅលើផ្ទៃបឹងទន្លេសាបក្នុងសង្កាត់ចុងឃ្នៀសក្រុងសៀមរាប មានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីក្រុង សៀមរាប បានទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងច្រើន ទៅទស្សនាកម្សាន្ត ។
គោលបំណងសំខាន់របស់ភ្ញៀវទេសចរគឺចង់ទៅពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើ ផ្ទៃទឹកបឹងទន្លេសាប ដែលគេនិយមហៅជាទូទៅថាផ្ទះបណ្តែតទឹក ឬអ្នកភូមិបណ្តែតទឹក,មើលទេសភាព ថ្ងៃលិចដ៏ស្រស់ត្រកាលនៅលើផ្ទៃបឹងទន្លេសាប ដែលល្បីខាងសម្បូរត្រីទឹកសាបក្នុងតំបន់ និង ពិភពលោក ។
ភ្ញៀវទេសចរដែលចង់ទៅទស្សនានៅតំបន់ចុងឃ្នៀសចាំបាច់ត្រូវទិញសំបុត្រកាណូតដើម្បីជិះទៅដែល នៅតាមអមសង្ខាងផ្លូវកាណូតមានដើមរាំងធំៗដុះខ្ពស់ផុតពីទឹក,មើលភូមិ និង ផ្ទះបណ្តែតទឹក,មើលអាងចិញ្ចឹមត្រីអាងចិញ្ចឹមក្រពើ ,មើលផ្ទៃទឹកបឹងទន្លេសាបដ៏ធំល្វឹងល្វើយ… ជាដើម ។
នៅ ចុងឃ្នៀស ប្រជាពលរដ្ឋពី ៦០ ទៅ ៦៥% ជាប្រជានេសាទ និង មួយចំនួនជាអ្នកដឹកភ្ញៀវទេសចរ ហើយចំពោះអ្នករស់នៅលើទឹក ក្រៅពីនេសាទគឺពួកគាត់លក់ដូរវត្ថុអនុស្សាវរីយ៍ឱ្យភ្ញៀវទេសចរនៅទីនោះ ។ ការរស់នៅរបស់ប្រជាពលរដ្ឋ គឺមិនទៀងទាត់ទេ ពេលណាមានទឹកជំនន់ គឺបងប្អូនយើងធ្វើផ្ទះបណ្តែតលើផ្ទៃទឹក ហើយប្រជាពលដ្ឋដែលនៅលើគោក បើសិនជាមានទឹកជន់លិច គឺពួកគាត់ផ្លាស់ទី លំនៅទៅនៅក្បែរជើងភ្នំក្រោម ។ ដូច្នេះហើយពេលខ្លះ ធ្វើឱ្យចំនួនប្រជាជនមានការផ្លាស់ប្តូរមិនទៀង ទាត់ ។
តំបន់ទេសចរណ៍នៅបឹងទន្លេសាបមាន ៤ កន្លែង ដែលភ្ញៀវទេសចរភាគច្រើនចូលចិត្តទៅកម្សាន្តរួមមានតំបន់មេជ្រៃ កំពង់ភ្លក់ កំពង់ឃ្លាំង និងតំបន់ចុងឃ្នៀស ។ ប៉ុន្តែភ្ញៀវទេសចរភាគច្រើននិយមទៅ កម្សាន្តនៅតំបន់ចុងឃ្នៀសព្រោះសម្បូរដោយទេសភាពស្រស់ស្អាត ជាពិសេសពេលថ្ងៃលិច ។
បើចង់ដឹងថា នៅតំបន់ចុងឃ្នៀស មានទេសភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ៖
ដោយ ៖ ដេវីត