ស្អាតដូចឋានសួគ៌ក្រោមមេឃ! មើលចុះប្រាសាទអង្គរវត្ត អមដោយដើមត្នោតស្លឹកខៀវខ្ចី ឆ្លុះចេញទេសភាពល្អក្រៃលែង
នាពេលថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះរូបភាពជាច្រើនសន្លឹកដែលបានបង្ហាញពីទេសភាពនៅតំបន់ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប អមជាមួយនឹងដើមត្នោត ដែលជានិមិត្តសញ្ញានៃប្រទេសកម្ពុជា។
យោងតាមការបង្ហោះរូបភាពពីហ្វេសប៊ុកផេក ទេសចរណ៍-Tourism បានបង្ហាញឱ្យឃើញពីទិដ្ឋភាពបរិវេណប្រាសាទអង្គរវត្ត អមដោយដើមត្នោត ដែលជារុក្ខជាតិស្ថិតក្នុងតាលព្រឹក្សខ្ពស់ មានដើមទាល គល់ធំ ដុះត្រង់ឡើងទៅលើ កម្ពស់ពី ១០-២៥ ម៉ែត្រ ឫសមានលក្ខណៈជាឫសយោង និង គ្មានឫសកែវ ព្រមទាំងជារុក្ខជាតិប្រជាប្រិយតំណាងឱ្យសង្គមខ្មែរ និង ជាអត្តសញ្ញាណ ដែលប្រជាជនខ្មែរ សម្គាល់នូវទេសភាពទឹកដីរបស់ខ្លួន តាំងពីបុរាណមកដល់បច្ចុប្បន្នស្របតាមពាក្យស្លោកថា «ដើមត្នោតជាជម្រកផ្ទះខ្មែរ» គួរជាទីចាប់អារម្មណ៍ ដោយបានអង្រួនចិត្តមហាជនអ្នកនិយមលេងហ្វេសប៊ុកជាច្រើនចង់ទៅទស្សនាកម្សាន្តប្រាសាទអង្គរវត្ត ក្នុងឱកាសចុងឆ្នាំនេះ។
គួរឱ្យដឹងដែរថា ប្រសិនបើភ្ញៀវទេសចរ បានទៅទស្សនា និង ដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ជាពិសេសតំបន់ប្រាសាទអង្គរវត្តនោះ ភ្ញៀវទេសចរទាំងអស់នឹងទទួលបាននូវអារម្មណ៍បែបស្រស់ស្រាយប្លែក រួមជាមួយទេសភាពដ៏ត្រជាក់ភ្នែក ទាំងតាមដងផ្លូវ និង នៅបរិវេណប្រាសាទអង្គរវត្ត។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរក៏នឹងបានឃើញនូវវាលស្មៅខៀវខ្ចី ព្រមជាមួយដើមត្នោតខ្ពស់ៗមានស្លឹកលូតខ្ចី អមនឹងសម្រស់ប្រាសាទអង្គរវត្តបុរាណ និង អាកាសធាតុត្រជាក់ខ្យល់ធ្លាក់តិចៗធ្វើឱ្យអារម្មណ៍ស្រស់ស្រាយអស់ទុក្ខកង្វល់៕
រក្សាសិទ្ធិរូបភាពដោយ ៖ ទេសចរណ៍-Tourism