កោះប៉ោមានទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង
កោះប៉ោមានទីតាំងស្ថិតនៅក្នុងទឹកដី ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា មានចម្ងាយជិត២០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ។ កោះប៉ោគឺជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលកំពុងតែមានការទាក់ទាញខ្លាំង សម្រាប់ទឹកដីខេត្តកោះកុង ដែលនៅទីនោះគេឃើញមានដើមឈើធំៗរួមទាំងទេសភាពទឹកសមុទ្រ និង ដែនកោះរដិបរដុបដ៏ស្រស់បំព្រង ។
ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ និង ពោរពេញទៅដោយជីវៈចម្រុះកោះប៉ោ បាន ដោយការជួលទូកទេសចរណ៍ឬអូប៊័រជិះដោយត្រូវចំណាយពេលក្នុងការធ្វើដំណើរប្រហែលជា១ម៉ោងកាត់តាមតំបន់ដៃសមុទ្រខ្វែងខ្វាត់ ។ ទោះបីជានៅកោះប៉ោមិនមានប្រជាជនរស់នៅ និង ហាក់មានសភាពស្ងាត់បន្តិចក្តី ក៏ប៉ុន្តែសម្រាប់អ្នកទេសចរ ដែលបានទៅដល់ទីនោះពួកគេបានចាត់ទុកថា កោះប៉ោគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងគ្មានពីរនៃទឹកដីខេត្តកោះកុង ។
ជាការពិតណាស់កោះប៉ោគឺជាកន្លែង កម្សាន្តដ៏រ៉ូមែនទិកមួយសម្រាប់ជួយលួងលោមបំបាត់នូវភាពនឿយហត់របស់អ្នកទេសចរកំដរទៅដោយសូរសៀងសត្វបក្សាបក្សី សម្រស់ព្រៃស្រោង ព្រៃលិចទឹក ព្រៃ កោងកាង និង ដៃសមុទ្រគួរឱ្យគយគន់ ។ ក្រោមបរិយាកាសដ៏សែនមនោរម្យ ដែលប្រមូលផ្តុំដោយធម្មជាតិបែបនេះ គេសង្កេតឃើញពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានអ្នកទេសចរជាក្រុមៗមានទាំងជនបរទេសផងដែរបានទៅលេងកម្សាន្ត និង ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅតំបន់កោះធម្មជាតិ មួយនេះមិនដែលដាច់ ។
កោះប៉ោ មានធនធានធម្មជាតិអំណោយផលល្អណាស់ដល់វិស័យទេសចរ ដោយនៅរក្សាបាននូវភាពដើមទាំងស្រុង ហើយអមដោយសម្រស់ទេសភាពធម្មជាតិតំបន់កោះប៉ោមានសភាពអស្ចារ្យខ្លាំងណាស់គឺខុសប្លែកពីតំបន់រមណីយដ្ឋានផ្សេងៗពោលគឺនៅក្នុងទឹកដីខេត្តកោះកុងនេះហាក់ដូចជាគ្មានកន្លែងណាប្រៀបប្រដូចបាននោះទេ ។
សម្រាប់ដំណើរកម្សាន្តទៅកាន់កោះប៉ោ គឺលោកអ្នកប្រាកដជានឹងទទួលបាននូវភាពសប្បាយ ជាពិសេសរីករាយជាមួយនឹងការជិះទូកលើផ្ទៃទឹកសមុទ្រទស្សនានូវទិដ្ឋភាពកោះដ៏ស្រស់ត្រកាល ការដើរកម្សាន្តលើឆ្នេរខ្សាច់ ងូតទឹកសមុទ្រ ស្ទូចត្រី ទស្សនាប្រព័ន្ធជីវៈចម្រុះបាតសមុទ្រ ជួបជុំ ញ៉ាំអាហារសមុទ្រ ការស្នាក់នៅក្នុងផ្ទះ សំណាក់ស្លឹកតូចៗ។ល។ ហើយជឿជាក់ថា លោកអ្នកពិតជាមិនចង់ឃ្លាតពីតំបន់ទេសចរណ៍កោះប៉ោនេះឡើយ ៕
ដោយ៖សុថាត់