តិចច្រឡំស្រុកគេ! កន្លែងលម្ហែមួយនេះមានឈ្មោះប្លែក ទេសភាពស្អាតប្លែក ស្ថិតក្នុងទឹកដីខេត្តកោះកុង
ជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា កោះកុងមិនត្រឹមតែមានឆ្នេរសមុទ្រវែងអន្លាយ ប៉ុន្តែមានទាំងកោះ ព្រៃភ្នំធម្មជាតិជាច្រើន កំពុងរង់ចាំភ្ញៀវទេសចរទៅទស្សនាកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ក៏ដូចជាក្នុងឱកាសជួបជុំដំណើរកម្សាន្ត ជាដើម។
ទន្ទឹមទៅនឹងលក្ខណៈពិសេសជាច្រើននេះ ថ្មីៗនេះ ក្រសួងទេសចរណ៍ បានបង្ហាញនូវកន្លែងថ្មីមួយនៅក្នុងខេត្តនេះ ដែលមានទេសភាពស្រស់ស្អាតមិនចាញ់នៅបរទេស ដោយទីនោះស្ថិតក្នុងទីតាំងមួយមានឈ្មោះថា «ឆាយខ្សែភ្លើង»។
ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង «ឆាយខ្សែភ្លើង» កំពុងបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្ត ក៏ដូចជាថតរូបស្អាតៗជាមួយធនធានធម្មជាតិប្លែកៗនៅទីនោះ ខណៈទីតាំងមួយនេះ ភ្ញៀវទេសចរអាចធ្វើដំណើរទៅដោយជិះម៉ូតូ កង់ គោយន្ដ ឬ រថយន្ដបែប Off-road ជាដើម។
ចំពោះការធ្វើដំណើរវិញ ប្រិយមិត្តអាចធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកស្រែអំបិល ខេត្តកោះកុង ហួសស្ពានស្រែអំបិល បន្តិចបត់ស្ដាំ ពីស្ពានស្រែអំបិល ទៅកាន់ឆាយខ្សែភ្លើង មានចម្ងាយប្រមាណជាង ៤០ គីឡូមែត្រ៕
ប្រភព ៖ ក្រសួងទេសចរណ៍