អូរសោម ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏មហាសាល !
តំបន់អេកូទេសចរណ៍ធម្មជាតិ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាទីប្រជុំទៅដោយសម្បត្តិធម្មជាតិដ៏មហាសាល កម្រមានអ្នកទៅដល់ណាស់ ។ សម្រាប់អ្នកចូលចិត្តធ្វើការផ្សងព្រេងទៅតំបន់ធម្មជាតិនានា ក្នុងប្រទេសកម្ពុជា អាចទៅទីតាំងនេះបាន ពីព្រោះតំបន់អេកូទេសចរណ៍អូរសោម មានទស្សនីយភាពដ៏អស្ចារ្យជាច្រើន ដែលអ្នកទាំងអស់គ្នាមិននឹកស្មានដល់ ។
នៅក្នុងតំបន់ទេសចរណ៍ឃុំអូរសោម ភ្ញៀវទេសចរ អាចសម្រាកផ្ទះស្នាក់នៅរបស់អ្នកស្រុក មានអាហារប្រចាំតំបន់ប្លែកៗ និង មានមគ្គុទ្ទេសក៍ នាំដើរកម្សាន្តទៅកាន់តំបន់ប្លែកៗជាច្រើន ។ ក្នុងនោះមានដូចជាទឹកធ្លាក់រហូតដល់ទៅ ៧ កន្លែងផ្សេងពីគ្នា មានបឹងដ៏ធំ ទស្សនាក្រពើព្រៃ និង តំបន់វាលវែងគ្របដណ្ដប់ដោយធម្មជាតិដ៏ស្រស់បំព្រង ។
តំបន់អេកូទេសចរណ៍ធម្មជាតិអូរសោម ស្ថិតនៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណជា ១៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ៕
ដោយ៖សុថាត់(ប្រភពមន្ទីរទេសចរណ៍ខេត្តពោធិសាត់)