ទេសចរតាមទូកទៅកាន់ឆ្នេរខ្សាច់ប៉ាក់ខ្លងកំពុងទាក់ទាញខ្លាំង !
មានទូកស្មាច់ធុនតូចធំជាច្រើនបានបោះពួយពុះជ្រែកផ្ទៃសាគរយ៉ាងលឿន តាមឆ្នេរកាត់ភូមិឋានតាមដែនកោះ បឹងកាឆាង ឆ្លងកាត់ព្រៃកោងកាង ពណ៌បៃតងក្រាស់ដុះប្របតាមច្រាំងមាត់ដៃសមុទ្រ រួចឈប់សំចតនៅលើ ឆ្នេរខ្សាច់ប៉ាក់ខ្លង ដែលមានទេសភាពគួរជាទីគយគន់ ដែលរំលេចទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតគួរជាទីទាក់ទាញក្រៃលែង ដែលជាទីចង់បានរបស់ភ្ញៀវទេសចរ ។
ឆ្នេរខ្សាច់ប៉ាក់ខ្លង បានក្លាយទៅជាគោលដៅទេសចរណ៍ទាក់ទាញមួយនៅក្នុងខេត្តកោះកុង ឆ្នេរនេះស្ថិតក្នុង ភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ នៅទីនោះភ្ញៀវទេសចរអាច ជិះទូកកម្សាន្ដស្រូបខ្យល់បរិសុទ្ធពីផ្ទៃសមុទ្រ គយគន់ព្រៃកោងកាង និង ទស្សនាភូមិនេសាទ ដែលជាជម្រើសលម្ហែគួរជាទីចាប់អារម្មណ៍ សម្រាប់អ្នកចង់ផ្លាស់ប្ដូរបរិយាកាស ។
ការជិះកាណូតនេះ នៅមិនឆ្ងាយប៉ុន្មានពីគោលដៅកម្សាន្ដឆ្នេរប៉ាក់ខ្លង ទូកអូប័រតូចៗចតត្រៀបត្រារង់ចាំភ្ញៀវ នៅមុខវត្ដប៉ាក់ខ្លង ដែលជាទីកន្លែងជូនភ្ញៀវធ្វើដំណើរទាំងការចម្លងទៅត្រើយម្ខាង និង ជិះទូកកម្សាន្ដជុំវិញដែនកោះ នៃ ភូមិបឹងកាឆាង និង គយគន់ព្រៃកោងកាង ជាដើម៕
ដោយ៖សុថាត់