គយគន់សម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាលនៃទឹកធ្លាក់ក្បាលព្រះ
ទិដ្ឋភាពដ៏ស្រស់ស្អាតនៃសម្រស់ធម្មជាតិនៃទឹកធ្លាក់ក្បាលព្រះ បាននឹងកំពុងតែទាក់ទាញទេសចរឱ្យចូលទៅទស្សនាសម្រស់ធម្មជាតិដ៏ស្រស់ស្អាតក្រោមម្លប់ព្រៃឈើ ដ៏ស្រស់ត្រកាលគួរចង់ឱ្យគយគន់ក្រៃលែង ។
ទឹកធ្លាក់ក្បាលព្រះ មានទីតាំងស្ថិតនៅក្នុង ភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចម្ងាយ ១៣ គីឡូម៉ែត្រពីរូបសំណាកគោព្រៃ ។ ការទស្សនានៅទីនោះធ្វើឱ្យភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ដើរព្រៃ និង អាចលម្ហែកាយជាមួយទឹកធ្លាក់ដ៏ត្រជាក់ចិត្ត និង ស្រស់ស្អាតមួយនេះ ដោយក្តីរីរាយ ។
ពេលទៅដល់រមណីយដ្ឋានទឹកធ្លាក់ក្បាលព្រះ ភ្ញៀវទេសចរនឹងមានអារម្មណ៍ប្លែក ហើយអ្វីដែលរឹតតែរំភើប និង អស្ចារ្យទៅទៀតនោះគឺ ការថតផ្តិតយករូបភាពព្រៃឈើពណ៌បៃតងនៅតាមដងផ្លូវ និង គ្របដណ្តប់ព័ទ្ធជុំវិញតាមដងអូរមាត់ជ្រោះ និង បានស្វែងយល់កាន់តែច្បាស់ពីការរស់នៅរបស់បងប្អូនជនជាតិនៅលើដែនដី កម្រាលព្រំពណ៌បៃតង នាខេត្តមណ្ឌលគិរីនេះទៀតផង ៕
ដោយ៖សុថាត់