អ្នកចូលចិត្តឡើងភ្នំត្រូវចិត្តហើយ! «ភ្នំចម្ការ» នៅសៀមរាប អាចបោះតង់គយគន់ថ្ងៃរះ ស្រូបខ្យល់បរិសុទ្ធ
សៀមរាប ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានចម្ងាយប្រមាណជា ៣១៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប្រកបទៅដោយសក្តានុពលទេសចរខ្ពស់ដែលមានទាំង សំណង់ប្រាង្គប្រាសាទបុរាណយ៉ាងច្រើនសម្បូរបែប និង តំបន់ទេសចរបែបធម្មជាតិច្រើនអនែក។ ក្នុងនោះ សៀមរាបក៏មានភ្នំធម្មជាតិប្រកបទៅដោយទេសភាពស្រស់ស្អាតជាច្រើនកន្លែង កំពុងក្លាយជាគោលដៅរបស់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងផងដែរ។
ជាក់ស្តែង ថ្មីៗនេះមហាជនកំពុងផ្ទុះការចាប់អារម្មណ៍ទៅនឹងភ្នំធម្មជាតិមានទេសភាពស្រស់ត្រកាលមួយកន្លែង ស្ថិតចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រភាគខាងជើងនៃក្រុងសៀមរាប ដែលជាទីតាំងមួយយ៉ាងស័ក្ដិសមបំផុត សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងនៅតាមព្រៃភ្នំ គេងបោះតង់នោះគឺ «ភ្នំចម្ការ»។
«ភ្នំចម្ការ» ស្ថិតនៅតាមបណ្តោយផ្លូវទៅភ្នំអំពិល និង ភ្នំជ័រ ដែលមានទីតាំងស្ថិតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ដើម្បីធ្វើដំណើរឡើងទៅកាន់កំពូលភ្នំដ៏ខ្ពស់មួយនេះ ប្រិយមិត្តត្រូវធ្វើដំណើរដោយថ្មើរជើងនៅលើផ្លូវមានថ្មរដិបរដុប និង មានដើមឈើធំតូចដុះរាយប៉ាយអស់រយៈពេល ១ ម៉ោងទៅ ២ ម៉ោង។ មួយវិញទៀត នៅលើកំពូល «ភ្នំចម្ការ» មិនមានប្រភពទឹកសម្រាប់ប្រើប្រាស់ទេ ចាំបាច់ឱ្យអ្នកដំណើរយកទឹកទៅដោយខ្លួនឯង។
អ្វីដែលកាន់តែពិសេស ប្រិយមិត្តអាចទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតកម្រប្រទះនៅ «ភ្នំចម្ការ» នោះគឺ ព្រៃព្រឹក្សាលតាវល្លិ៍ខៀវស្រងាត់ ហាក់បីដូចជាកម្រាលព្រំពណ៌បៃតងក្រាលក្របលើផែនពសុធា។ លើសពីនោះ ពេលព្រឹកព្រលឹមយើងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ និង គយគន់ព្រះអាទិត្យរះយ៉ាងស្រស់ស្អាត។
ជាមួយនឹងទេសភាពដ៏ស្ងប់ស្ងាត់ អង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្តាប់សំឡេងវាយោថ្ងួចថ្ងូរបំពេអារម្មណ៍ រួមទាំងសំឡេងបក្សាបក្សីច្រៀងបំពេ ការធ្វើដំណើរកម្សាន្ដទៅកាន់ «ភ្នំចម្ការ» ហាក់បីដូចជា ឱសថទិព្វមកពីឋានសួគ៌ ជួយឱ្យរសាយអស់ទុក្ខកង្វល់ទាំងឡាយរលាយក្នុងខ្យល់រសាត់ទៅឆ្ងាយ ជំនួយមកវិញនូវភាពស្រស់ស្រាយផងដែរ៕
រូបភាពដោយ៖ Nann-ណាន់