រយៈពេល ២ ថ្ងៃ ចុងសប្តាហ៍ទី ៣ ភ្ញៀវទេសចរធ្លាក់ចុះប្រមាណ ៩.២២ % ធៀបនឹងសប្តាហ៍មុនៗ
នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នេះ តាមរយៈលោកឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតត្រឹម ២ ថ្ងៃចាប់ពីថ្ងៃទី ១៧ ដល់ ១៨ ខែកក្កដា ឆ្នាំ ២០២១ ចុងសប្តាហ៍ទី ៣ នេះ កម្ពុជាមានភ្ញៀវទេសចរជាតិ និង អន្តរជាតិសរុប ៦៣ ៤៨៨ នាក់ ដែលនៅក្នុងនោះ ភ្ញៀវជាតិ ៦២ ៣៩៤ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ១ ០៩៤ នាក់ ។
នៅក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗរួមមាន ៖
-រាជធានីភ្នំពេញ ៖ ១៨ ៨៧៧ នាក់
-ខេត្តព្រះសីហនុ ៖ ៧ ៦៤៤ នាក់
-ខេត្តកំពត ៖ ៧ ៦៣២ នាក់
-ខេត្តបាត់ដំបង ៖ ៥ ៤០០ នាក់
-ខេត្តកំពង់ស្ពឺ ៖ ៤ ៩៣៥ នាក់
-ខេត្តកណ្តាល ៖ ៤ ៨០៣ នាក់
ជាក់ស្តែង ចំនួនភ្ញៀវទេសចរមានការថយចុះប្រមាណ ៩.២២ % ធៀបនឹងសប្តាហ៍កន្លងទៅ ។ ដោយឡែក គោលដៅរបស់ភ្ញៀវទេសចរភាគច្រើនសំដៅទៅកាន់តំបន់ទេសចរណ៍អេកូទេសចរណ៍ ហើយជាពិសេសតំបន់ទេសចរណ៍ផ្សងព្រេង ។
គួរបន្ថែមថា គណៈបញ្ជាការឯកភាពនៅតាមរាជធានីខេត្តនីមួយៗ ក៏បានបង្កើនការក្រើនរំឭកដល់ភ្ញៀវទេសចរ ក្នុងន័យពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និង នៅតាមមូលដ្ឋានអាជីវកម្មទាំងឡាយផងដែរ ៕