ម្លប់ក្រូចម៉ាឡេ ទីកម្សាន្តថ្មី ដើមឫស្សីដុះច្រូងច្រាង ជះសម្រស់ទេសភាពពណ៌បៃតងខ្ចី ស្អាតណាស់
បើយើងធ្វើដំណើរឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៦ ប្រមាណជា ៣១៤ គីឡូម៉ែត្រ នោះអ្នកនឹងទៅដល់ខេត្តសៀមរាប ។ ស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយដ៏ល្បីល្បាញ មិនត្រឹមតែប៉ុណ្ណោះ សៀមរាប គឺជាខេត្តដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋានកែច្នៃជាច្រើន ដែលទើបតែបង្កើតឡើងមានដូចជា តំបន់ទេសចរណ៍ធម្មជាតិស្រះខ្វាវ សួនក្រអូបឃុនរាម បឹងឈូកបន្ទាយស្រី ស្ទឹងតូច ជាដើម ។
ដូចសព្វមួយដងថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយកន្លែងទៀត ដែលទើបតែចាប់ផ្តើមបង្កើតថ្មី នៅមិនឆ្ងាយប៉ុន្មានពីសួនក្រអូបឃុនរាមទេ មានឈ្មោះថា «ម្លប់ក្រូចម៉ាឡេ» ។
មានទីតាំងស្ថិតនៅជើងភ្នំហប់ នៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប «ម្លប់ក្រូចម៉ាឡេ» ជាទិម្សាន្តថ្មីដែលទើបនឹងបើកដំណើរការឱ្យចូលទស្សនា ប្រកបទៅដោយទេសភាពខៀវស្រងាត់ហ៊ុំព័ទ្ធជុំវិញ អមជាមួយនឹងសួនផ្កាចំរុះពណ៌ដ៏ស្រស់បំព្រងរីកស្គុសស្គាយរហង់នៅតាមដងផ្លូវ សម្បូរទៅដោយដើមឫស្សីដ៏ស្រស់ស្អាតខៀវស្រងាត់ម្លប់ត្រឈឹងត្រឈៃស្ងប់ស្ងាត់ ។
បរិយាកាសមួយដ៏សែនមនោរម្យនារដូវវស្សា អមដោយព្រៃព្រឹក្សា របស់ «ម្លប់ក្រូចម៉ាឡេ» កំពុងក្លាយទៅជាគោលដៅយ៉ាងសំខានា់របស់ភ្ញៀវទេសចរសម្រុកចូលទៅទស្សនា ជាពិសេសនាថ្ងៃចុងសប្តាហ៍ ។ ជាក់ស្ដែង ភ្ញៀវទេសចរក៏អាចចូលទៅទស្សនាជាលក្ខណៈ គ្រួសារ ក្រុមការងារ មិត្តភក្តិ គូសង្សារ ជាដើម ៕
ប្រភពរូប ៖ ទៅលេងបន្ទាយស្រី