បាត់ដំបងយើងហ្នឹង! ព្រលានយន្តហោះវាលបែកចាន វាលស្មៅព័ណ៌បៃតងខៀវខ្ចី ទីកម្សាន្តថ្មី ផ្ទៃដីជាង ១ ម៉ឺនហិចតា
ព្រលានយន្តហោះវាលបែកចាន បច្ចុប្បន្នបានក្លាយទៅជាសួនកម្សាន្តថ្មីមួយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅខេត្តបាត់ដំបង ចូលទៅលេងកម្សាន្តយ៉ាងច្រើនកកកុញ ជាពិសេសនៅពេលល្ងាច ដើម្បីស្រូបខ្យល់អាកាស ជួបជុំគ្នាញុំាអាហារ និង លេងកីឡា ជាដើម ដែលមានទីតាំងស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វាលស្មៅព័ណ៌បៃតងខៀវស្រងាត់ ស្ថិតក្នុងផ្ទៃដីទំហំជាង ១ ម៉ឺនហិកតា បច្ចុប្បន្ននេះកំពុងមានភាពទាក់ទាញបេះដូងប្រជាពលរដ្ឋយ៉ាងខ្លាំងឱ្យចូលទៅទស្សនា និង លេងកម្សាន្ត ប្រជាពលរដ្ឋទៅលេងទីនោះភាគច្រើន ជាលក្ខណៈគ្រួសារ ជាក្រុម និង ជាគូស្នេហ៍ ហើយមានខ្លះនាំកូនចៅសាច់ញាតិទៅក្រាលកន្ទេល អង្គុយលេង ញ៉ាំអាហារ និយាយគ្នា ដោយអង្គុយឃ្លាតៗពីគ្នា ដោយសារទីតាំងនេះមានទីធ្លាធំទូលាយ ខ្លះលេងកីឡាដើរ រត់ ជិះកង់ ជាដើម ។
ទីកន្លែងដ៏ស័ក្តិសមថ្មីមួយនេះកំពុងមានការពេញនិយមជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍សម្បូរមនុស្សច្រើនជាងគេ ហើយអ្វីដែលគេសង្កេតឃើញមួយទៀតនៅគឺ ប្រជាពលរដ្ឋដែលមកអង្គុយញ៉ាំអាហារនៅទីនោះ មានការយល់ដឹងពីការសម្អាតបរិស្ថាន ក្រោយពេលដែលទទួលទានរួច នាំគ្នាប្រមូលសម្រាម សម្អាតបរិស្ថាន មិនឱ្យឃើញមានសម្រាមរាយប៉ាយនោះឡើយ ។
គួររំឭកថា ព្រលាននេះបើកដំណើរការដំបូងនៅឆ្នាំ ១៩៦៧ ហើយបិទដំណើរការនៅឆ្នាំ ១៩៧៥ និង នៅក្រោយរបបខ្មែរក្រហមបើកដំណើរការឡើងវិញ មកទល់ឆ្នាំ១៩៩១ សម្រាប់តែបម្រើការតែវិស័យយោធាអាកាសចរណ៍តែប៉ុណ្ណោះ មកទល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា និង ឈានដល់អភិវឌ្ឍឱ្យអាកាសយានដ្ឋានមួយនេះ ដំណើរការឡើងវិញ នាពេលខាងមុខ ៕
ប្រភព ៖ ក្រសួងព័ត៌មាន