កាហ្វេលើរថភ្លើងនៅភ្នំពេញ ប្លែកអារម្មណ៍ខ្លាំង ដូចបានជិះទៅលេងកំពតអ៊ីចឹង
ថ្ងៃចុងសប្ដាហ៍ម្ដងៗ ប្រិយមិត្តមួយចំនួនប្រហែលជារកកន្លែងណាមួយដើម្បីលម្ហែអារម្មណ៍ ឬ កន្លែងស្អាតៗដើម្បីទៅលេងកម្សាន្តជាមួយមិត្តភក្ដិ ក្រុមគ្រួសារ ។ បើមិនបានទៅណាឆ្ងាយ ក៏គួររកកន្លែងអង្គុយជជែកគ្នាលេងខ្លះ នៅទីក្រុងភ្នំពេញយើងនេះ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ព្រមទាំងបង្កើននូវមិត្តភាពផងដែរ ។ ដូច្នេះហើយថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំនូវ ហាងកាហ្វេមួយកន្លែង ដែលធានាថាប្រិយមិត្ត បានវិលកង់ទៅដល់ហើយ ពិតមិនខកបំណងនោះឡើយ នោះគឺ «កាហ្វេរថភ្លើង» ។
កាហ្វេរថភ្លើង គឺមានទីតាំងស្ថិតនៅក្នុង ស្ថានីយរថភ្លើង នៃទីក្រុងភ្នំពេញផ្ទាល់តែម្ដង ដែលយើងឃើញថា នៅទីនោះមានការរៀបចំស្រស់ស្អាត ប្លែកភ្នែក ប្លែកអារម្មណ៍ ដែលធ្វើឱ្យអ្នកដែលបានទៅញ៉ាំកាហ្វេនៅទីនោះ មានអារម្មណ៍ដូច នឹងកំពុងជិះរថភ្លើងទៅលេងកំពតអញ្ចឹង ។
មិនត្រឹមតែប៉ុណ្ណោះ ទីនោះជាទីពេញនិយមសម្រាប់យុវវ័យគ្រប់ស្រទាប់ មិនថាអ្នកមានគូ អ្នកអត់គូ ក្រុមជួបជុំមិត្តភក្តិអូស Rank ជាពិសេសនោះ គឺសម្រាប់អ្នកចូលចិត្ត និងស្រឡាញ់ការថតរូប ព្រោះថានៅទីនោះមានប្លង់ថតរូបស្អាតៗជាច្រើន គួរឱ្យចង់ថតឌឺអ្នកមិនទាន់បានទៅណាស់ ។ បើនិយាយពីសេវាកម្មវិញ គឺមានរសជាតិឆ្ងាញ់និងមានភេសជ្ជៈច្រើនប្រភេទ មានតម្លៃសមរម្យ ថែមទាំង Free Wifi ទៀតផង ៕