អាជ្ញាធរជាតិអប្សរាជួយសង្គ្រោះដើមឈើ នៅប្រាសាទតាព្រហ្ម !
ដើមឈើធំៗភាគច្រើននៅក្នុងប្រាសាទតាព្រហ្ម គឺកំពុងរង គ្រោះថ្នាក់ដោយសារកំណើនភ្ញៀវទេសចរជាច្រើនចូលទៅទស្សនាប្រាសាទ ហើយជាន់លើឫស ឬលើដីក្បែរឫស ជាហេតុធ្វើឱ្យឫសឈើមានដំបៅ ក្រិន មានជំងឺ ហើយហាប់ដីមិនអាចដកដង្ហើមបាន។ នៅពេលនេះដើមឈើទាំងនោះ ត្រូវបាន អាជ្ញាធរជាតិអប្សរារៀបចំក្រាលកម្រាលក្តារលើឫសឈើ ដើម្បីសង្គ្រោះដើមឈើឱ្យមានសុវត្ថិភាពល្អប្រសើរឡើងវិញ ។
នៅក្នុងឱកាសនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលទើបតែកន្លងផុតទៅប៉ុន្មានថ្ងៃមុននេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ជាប្រធានអាជ្ញាធរជាតិអប្សរា បានឆ្លៀតពេលចុះទៅពិនិត្យតាមដាន និង វឌ្ឍនភាពនៃការក្រាលកម្រាលក្តារនៅលើឫសឈើនាប្រាសាទតាព្រហ្ម។ ហើយគោលបំណងនៃការចុះទៅពិនិត្យការក្រាលកម្រាលក្តារនេះ គឺដើម្បីមើលពីភាពរៀបរយនៃការក្រាលកម្រាល និង ស្វែងយល់បន្ថែមពីគុណភាពនៃកម្រាលថាអាចសង្គ្រោះដើមឈើបានកម្រិតណា។ លើសពីនោះទៀត ការក្រាលកម្រាលក្តារលើឫសឈើនៅប្រាសាទតាព្រហ្ម ក៏ស្របទៅតាមអនុសាសន៍របស់កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ (ICC-Angkor) ផងដែរ។
គួរបញ្ជាក់ផងដែរថា ដើមឈើធំៗភាគច្រើននៅក្នុងប្រាសាទតាព្រហ្ម គឺកំពុងរង គ្រោះថ្នាក់ដោយសារកំណើនភ្ញៀវទេសចរជាច្រើនចូលទៅទស្សនាប្រាសាទ ហើយជាន់លើឫស ឬ លើដីក្បែរឫស ជាហេតុធ្វើឱ្យឫសឈើមានដំបៅ ក្រិន មានជំងឺ ហើយហាប់ដីមិនអាចដកដង្ហើមបាន។ ដោយហេតុដូច្នេះ ដើម្បីបញ្ចៀសនូវហានិភ័យដល់ដើមឈើទាំងនោះ អាជ្ញាធរជាតិអប្សរាក៏រៀបចំក្រាលកម្រាលក្តារលើឫសឈើ ដើម្បីសង្គ្រោះដើមឈើឱ្យមានសុវត្ថិភាពល្អប្រសើរឡើងវិញ ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ៕ ចំណូល