ចាំទៅណាឆ្ងាយ! រមណីយដ្ឋាន ៤ កន្លែងនៅជិតបង្កើយភ្នំពេញទេសភាពស្អាតៗ មានវត្តធ្វើបុណ្យទៀត
ក្នុងឱកាសឈប់សម្រាកម្ដងៗមនុស្សម្នាក់ៗតែងរកកន្លែងដើរលេងកម្សាន្ត តែអ្វីដែលសំខាន់ពេលខ្លះមិនដឹងថាគួរទៅលេងឯណានោះទេ ។ ដូច្នេះ «ប្រជាប្រិយ» សូមនាំប្រិយមិត្តទៅស្គាល់រមណីយដ្ឋាន ៤ កន្លែងមិនឆ្ងាយប៉ុន្មានពីភ្នំពេញ ថែមទាំងមានវត្តអារាមធ្វើបុណ្យទៀតផង ។ តស់ៗ! មកស្គាល់ទាំងអស់គ្នាដូចខាងក្រោម៖
១.ភ្នំឧដុង្គ
រមណីយដ្ឋានភ្នំឧដុង្គនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រប៉ុណ្ណោះ តែមានទេសភាពស្អាត មានព្រៃភ្នំ វត្តអារាមល្អបំផុតសម្រាប់រដូវបុណ្យទាននេះ ។
ភ្នំឧដុង្គជាអតីតរាជធានីនាសតវត្សទី ១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) ហើយត្រូវបានបោះបង់ចោលដោយព្រះបាទនរោត្តម នៅឆ្នាំ ១៩៦៦ ដោយផ្លាស់រាជធានីទៅកាន់រាជធានីភ្នំពេញរហូតដល់សព្វថ្ងៃ ។ អ្វីដែលទាក់ទាញទេសចរឱ្យទៅទស្សនាកម្សាន្តឥតដាច់នោះ ក្រោយមានការកសាងព្រះសក្យមុនីចេតិយដ៏ធំនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើង ដែលមើលទៅឃើញធំខ្ពស់ និង មានភាពស្រស់បំព្រង ។ រមណីយដ្ឋានភ្នំឧដុង្គមានទីតាំងស្ថិតនៅក្នុងឃុំផ្សារដែក និង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ។
២. វត្តពុទ្ធមណ្ឌល
វត្តពុទ្ធមណ្ឌលកម្ពុជា មានទីតាំងនៅក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រមាណជា ២៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ក៏ចាត់ទុកជាទីរមណីយដ្ឋាដ៏មនោរម្យសម្រាប់ពុទ្ធសាសនិកជនធ្វើបុណ្យទាន និងទស្សនានូវផ្ទាំងទស្សនីយភាពដ៏ប្រណិតនៃព្រះពុទ្ធសាសនា ។
វត្តពុទ្ធមណ្ឌលកម្ពុជា ត្រូវបានសាងសង់កាលពី ឆ្នាំ ១៩៩៦ ក្រោមការឧបត្ថម្ភថវិកា ពីពុទ្ធសាសនិកជនទាំងក្នុង និង ក្រៅប្រទេស ដែលគេហៅឈ្មោះម៉្យាងទៀតថា ពុទ្ធមណ្ឌលធម្មទូតដែលបានកសាងឡើងដើម្បីរំលឹកដល់ ពុទ្ធស្ថាននានានៃព្រះពុទ្ធសាសនា ។ នៅទីនោះមានសង្វេគជនីដ្ឋានធំៗចំនួន ៤ ទី១ ឧទ្យានប្រសូតិ, ទី២ ឧទ្យានត្រាស់ដឹង ,ទី៣ ឧទ្យានបឋមទេសនា និង ទី៤ ឧទ្យានបរិនិពា្វន ។
៣.ភ្នំជីសូរ្យ
ភ្នំជីសូរ្យ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ពេញនិយមមួយស្ថិតនៅក្នុង ភូមិស្លា ឃុំរវៀង ស្រុកសំរោង មានចម្ងាយប្រហែល ៦២គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ។ ក្រៅពីមានវត្តអារាមសម្រាប់ធ្វើបុណ្យទានសាងកុសល្យហើយនោះ បងប្អូនទេសចរនឹងបានទស្សនាប្រាសាទបុរាណមួយឈ្មោះថា “ប្រាសាទភ្នំជីសូរ្យ” កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ តាំងពីសតវត្សទី១១មកម្ល៉េះ ។ ចម្លាក់ក្បូរក្បាច់យ៉ាងល្អវិចិត្របូកផ្សំជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនឹងនាំឱ្យអារម្មណ៍របស់លោកអ្នកស្រស់ស្រាយទៅតាមអំណាចនៃធម្មជាតិដែលបង្កើតឱ្យមានជាទេសភាពដ៏ល្អគន់មិនជិនណាយ ។
៤.វត្តកៀនស្វាយក្រៅ
បើនិយាយអំពីវត្តកៀនស្វាយវិញ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយថាជាកន្លែងដើរលេងដ៏ពេញនិយមសម្រាប់អ្នកភ្នំពេញ តែងទៅលេងកម្សាន្តជាប្រចាំ ។ នារដូវភ្ជុំបិណ្ឌនេះកាន់តែមានមនុស្សបុកទៅលេងថែមទៀត ព្រោះនៅទីនោះមានកញ្ចុះអង្គុយលេងប្របនឹងមាត់ទឹកមានលក់អាហារឆ្ងាញ់ៗជាច្រើនមុខសុទ្ធសឹងតែម្ហូបខ្មែរដ៏សម្បូរបែប ៕