រកឃើញកន្លែងថ្មីមួយទៀតនៅសៀមរាប ស្អាតខ្លាំងដូចគំនូរ ធម្មជាតិពិតៗ
សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ស្ថិតនៅប៉ែកខាងកើតនៃប្រាសាទបាគង គឺជាកន្លែងសម្រាកលម្ហែកម្សាន្តមួយយ៉ាងល្អប្រណិតមិនគួរមើលរំលង ។ នៅទីនោះទេសចរអាចបន្ធូរអារម្មណ៍ជាមួយធម្មជាតិដ៏ស្រស់បំព្រង មានចម្ការច្បារដំណាំចម្រុះគ្រប់របស់ប្រជាជនក្នុងសហគមន៍ មានទឹកហ៊ុមព័ទ្ធជុំវិញ នាំអារម្មណ៍ឱ្យកាន់តែស្រស់ស្រាយរំសាយអស់នូវទុក្ខកង្វល់ ។
សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ជាកន្លែងដ៏សក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ និង អ្វីដែលពិសេសនោះមិនត្រឹមតែបានឃើញនូវសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនោះទេ តែទេសចរអាចធ្វើសកម្មភាពបានជាច្រើនដូចជា ការជិះទូកកម្សាន្ត ស្ទូចត្រី រត់ហាត់ប្រាណ ដើរទស្សនាផ្ទះរបស់ប្រជាជន ។ ក្រៅពីនេះសហគមន៍ក៏មានលក់អាហារឱជារសរបស់អ្នកភូមិដ៏ឈ្ញុយថែមទៀតផង ។
ប្រិយមិត្តទៅលេងកម្សាន្តនៅទីនោះ អាចសម្រាកលម្ហែកាយជាផ្ទះស្នាក់របស់សហគមន៍ ឬ មួយទេសចរអាចបោះតង់ក៏បានដែរ ហើយនៅពេលរាត្រីយើងអាចអាំងសាច់ ចាក់តន្ត្រីកំដរអារម្មណ៍ ញ៉ាំងឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែរីករាយទ្វេឡើង ។
សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ស្ថិតនៅភូមិគោកគរ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ហួសសាលារៀនបឋមសិក្សា បាគង ប្រហែល 200 ម៉ែត្រ ៕