សម្រស់ធម្មជាតិភ្នំមេរ៉ា ស្រស់ស្អាតគ្មានពីរ ពេលទំនេរទៅកម្សាន្តបែបផ្សងព្រេង ឱ្យស្បើយអារម្មណ៍
ភ្នំមេរ៉ា ជារមណីយដ្ឋានធម្មជាតិមួយ ដែលភ្ញៀវទេសចរ ទាំងឡាយ កម្របានឃើញ និង ទៅដល់ណាស់ ប៉ុន្តែបើបានទៅដល់ទីនោះហើយ ពិតជាធ្វើឱ្យលោកអ្នក មានអារម្មណ៍ស្រស់ស្រាយជាមួយធម្មជាតិ ពណ៌លឿងទំ នាដើមរដូវវស្សានេះ ដែលទេសភាពទាំងនេះ ពិបាកនឹងរកកន្លែងណាមកប្រៀបប្រដូចខ្លាំងណាស់ ។
ភ្នំមេរ៉ា ស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្ត្រ ស្រុកវើនសៃ ខេត្តរតនៈគីរី ។ ជាតំបន់ធម្មជាតិមួយមានសោភ័ណភាពលេចធ្លោ និង មានជីវៈចម្រុះយ៉ាងសម្បូរបែប ដែលគេហៅថា វាលចាក់យូក វាលធំគ្របដណ្តប់ ដោយកម្រាលស្មៅពណ៌លឿង សូម្បីនៅប្រទេសជិតខាងដទៃទៀត ក៏មិនអាចប្រកួតជាមួយសម្រស់ធម្មជាតិនៃវាលស្មៅនេះបានឡើយ ។ នៅទីនោះ ក៏មាន ជ្រលងភ្នំ ទឹកធ្លាក់ អូរ និង តំបន់ទេសភាពព្រៃស្រោង និង ពាក់កណ្តាលស្រោងខៀវគ្រប់រដូវកាល ។
ភ្នំមេរ៉ា ជាជម្រកធម្មជាតិនៃសត្វស្លាប ប្រមាណជា ២០០ ប្រភេទ ក្នុងនោះមានថនិកសត្វចំនួន ១៥ ប្រភេទ, ល្មូន ៣៥ ប្រភេទ ,មច្ឆា ៣៧ប្រភេទ ,កណ្តូប ១៩ប្រភេទ, ស្រមោច ៣០ប្រភេទ ។ ក្នុងចំណោមសត្វទាំងនោះ ក៏មានសត្វដែលត្រូវបានកត់ត្រាក្នុងបញ្ជីក្រហម IUCN ដោយគេបានចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែងពីការបាត់បង់នៅលើពិភពលោក ដែលមានតម្លៃលេចធ្លោជាសាកល សម្រាប់អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស ដូចជា ទោចថ្ពាល់លឿង ខ្លាឃ្មុំតូច ស្វាកន្ទុយស ខ្ទីង ។ ល។
កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាល បានចេញព្រះរាជក្រឹត្យ ឱ្យក្រសួងបរិស្ថានបង្កើត«ឧទ្យានជាតិវីរៈជ័យ»គ្របដណ្តប់លើផ្ទៃដីទំហំ ៣៣៧ ៥០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគិរី និង ស្ទឹងត្រែង ដែលមានជនជាតិដើមភាគតិច ព្រៅ និង កាវ៉ែត កំពុងរស់នៅក្នុងតំបន់នោះ ។ ឧទ្យានជាតិវីរៈជ័យ បានចុះក្នុងបញ្ជីបេតិកភណ្ឌអាស៊ាន ។ ប្រសិនបើភ្ញៀវទេសចរ ជាតិ និង អន្តរជាតិចង់ទៅ ទស្សនាទស្សណីយភាពនៅតំបន់ភ្នំមេរ៉ានេះ អាចទាក់ទង់ ទៅកាន់មន្ទីរបរិស្ថានខេត្តរតនៈគិរី តាមរយៈលេខទូរសព្ទ ០៩៧ ៣៣៣ ៤៧៧៥ / ០៩៧ ៧៣ ០០ ៩៧៩ ៕
ប្រភពៈបេតិកភណ្ឌប្រចាំថ្ងៃ
រូបថតៈ ក្រេឌីត អ្នកដើរភ្នំ