រឿងចាស់ទេ ប៉ុន្តែកូនខ្មែរខ្លះមិនបានដឹងឡើយពីការសំពះសុំទោស គួរសំពះដាក់ដៃត្រឹមណា ?
ក្បួនខ្នាតនៃការសំពះគឺជាគារវកិច្ចមួយក្នុងអរិយធម៌ដ៏ផូរផង់របស់ខ្មែរមានតាំងពីដើមរៀងមក ដែលវាឥរិយាបថដ៏ប្រពៃថ្លៃថ្លាមួយរបស់ជនជាតិខ្មែរទូទៅ ។ ការសំពះដែលត្រូវតាមក្បួនខ្នាត និង ច្បាស់លាស់របស់ជនជាតិខ្មែរមាន ៥ របៀបផ្សេងៗគ្នា ទៅតាម ឋានៈ តួនាទី និង វ័យ ដូចមានរៀបរាប់នៅអត្ថបទមុន ប៉ុន្តែអ្វីដែលចង់បង្ហាញជាបន្តនេះគឺការសំពះសម្តែងពីការសុំទោសទៅកាន់នរណាម្នាក់ ដែលកន្លងមកការសំពះសុំអភ័យទោសនេះត្រូវបានសំពះឱ្យតែបានៗពីមនុស្សខ្មែរមួយចំនួន ។ តើការសំពះសុំអភ័យទោសដែលត្រឹមត្រូវ គួរសំពះដោយលើកដៃដាក់ត្រឹមណា ?
បើតាមការដកស្រង់សម្តីរបស់លោក មួន សុភាព សាស្ត្រចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាននិយាយថា ការសំពះសុំទោសក៏មានរបៀបដែរ ដោយគេយករបៀបសំពះលើកដៃផ្គុំដាក់ដៃត្រឹមមាត់ ដែលជាការសំពះអ្នកមានវ័យ ឬ ឋានៈខ្ពស់ជាង និង ចៅហ្វាយនាយនោះឯង ហើយរបៀបសំពះនេះក៏ត្រូវបានប្រើសម្រាប់សំពះដើម្បីសុំការអភ័យទោសផងដែរ ។ លោកបន្តថា បើនរណាម្នាក់បានសាងកំហុស ហើយដឹងកំហុសចង់ធ្វើការសុំអភ័យទោសនោះ គឺគេសំពះដោយលើកដៃផ្គុំដាក់ចុងម្រាមដៃត្រឹមមាត់ បានន័យថាមាត់យើងនិយាយទៅកាន់គេដោយប្រើពាក្យសុំទោស ឬ សុំអភ័យទោស ។
(លោក មួន សុភាព សាស្ត្រចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ)
ដូន្នេះបើសិនលោកអ្នកបានសាងកំហុសខុសឆ្គងចំពោះនរណាម្នាក់ ហើយចង់សម្តែងការសុំអភ័យទោស គួរលើកដៃផ្គុំ និង ដាក់ចុងម្រាមដៃត្រឹមមាត់ដោយនិយាយថាសុំទោស នោះគឺជាការបង្ហាញចេតនាសុំទោសពៃហើយ ។ តាមរយៈនេះ សូមកូនខ្មែរគ្រប់រូបគួរជ្រួតជ្រាបបានច្បាស់ផងដែរ ៕ សាកល (ដកស្រង់ចេញពីសម្តីលោក មួន សុភាព សាស្ត្រចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ)