ទៅលេងបាត់ដំបង តិចអត់បានទៅលេងទឹកធ្លាក់ចំការស្វាយ
ប្រសិនបើភ្ញៀវទេសចរ បានទៅលេងនៅខេត្តបាត់ដំបង កុំភ្លេចទៅលេងនៅទឹកធ្លាក់ចំការស្វាយ ឬ កសិដ្ឋានទឹកធ្លាក់ចំការស្វាយ ព្រោះនៅទីនោះមានទេសភាពទាក់ទាញខ្លាំង ។ កសិដ្ឋានចំការស្វាយ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃស្ដៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង និង មានចម្ងាយប្រហែល ៦១ គីឡូម៉ែត្រពីក្រុងបាត់ដំបង ។
ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះគឺការដើរទស្សនាកសិដ្ឋាន រៀបចំអាហារដោយខ្លួនឯង មានខ្យូសអង្គុយលេង ហែលទឹក ដើរលេងដោយថ្មើរជើង និង ចំណុចផ្សេងៗទៀត ។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និង ធ្វើដំណើរឆ្លងទឹក ឬ ក៏ជិះទូកឡើយ ។
សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយពុំទាន់មានបឹងហ្គាឡូ ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយ ប៉ុន្តែភ្ញៀវទេសចរក៏អាចបោះតង់ អាំងសាច់នៅពេលរាត្រីបានយ៉ាងសប្បាយរីរាយផងដែរ ៕