ចំណីអារម្មណ៍ថ្មី ទៅគយគន្ធសម្រស់ផ្កាត្របែកព្រៃ តាមផ្លូវទៅប្រាសាទខ្នារលើភ្នំដងរែក រដូវនេះរីកស្គុសស្គាយស្អាតណាស់
ប្រសិនបើភ្ញៀវទេសចរចង់ទៅទស្សនាប្រាសាទខ្នារនៅលើភ្នំដងរែកនោះ មុននឹងបានទៅដល់យើងនឹងបានឃើញសម្រស់ផ្កាត្របែកព្រៃ កំពង់តែរីកស្គុសស្គាយ រង់ចាំស្វាគមន៍ទេសចរទាំងឡាយដែបានធ្វើដំណើរឆ្លងកាត់តាមដងផ្លូវ ចេញពីក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតដល់ប្រាសាទខ្នារ លើភ្នំដងរែក ដែលទិដ្ឋភាពបែបនេះមានតែនៅក្នុងរដូវរំហើយនេះប៉ុណ្ណោះ ។
ប្រាសាទខ្នារ តំបន់ទេសចរណ៍ប្រាសាទបាក់បែកនេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំបន្សាយរ៉ាក់ ក្រុងសំរោង ស្ថិតទិសខាងជើង នៃទីរួមខេត្តឧត្តរមានជ័យ មានទីតាំងនៅលើជួរភ្នំដងរែកជាប់ព្រំដែនកម្ពុជាថៃ ។ ប្រាសាទខ្នារ បច្ចុប្បន្នមិនសូវមានភ្ញៀវមកពីចម្ងាយទៅលេងច្រើននៅឡើយទេ ប៉ុន្តែបើបានទៅដល់ម្តងហើយពិតជាធ្វើឱ្យយើងមានភាពស្រស់ស្រាយ ជាមួយធម្មជាតិ ផ្កាព្រៃ ពិសេសផ្កាត្របែកព្រៃ មិនខាងឡើយ ។
ប្រាសាទខ្នារមានផ្លូវឡើងដោយធ្វើជណ្តើរធ្វើឈើជិតចំនួនពីរពាន់កាំ បត់បែនតាមចន្លោះផ្ទាំងថ្មតូចធំ ប្រាសាទបុរាណមានវ័យចំណាស់មួយនេះបានក្លាយទៅជាតំបន់ទេសចរមួយដែលមានការទាក់ទាញក្នុងស្រុក និង និងបរទេសឱ្យទៅដើរលេងកម្សាន្ត យ៉ាងសប្បាយរីរាយ ។ ក្រៅពីប្រាសាទខ្នារ សំណង់ប្រាសាទបុរាណខ្មែរនៅលើជួរភ្នំដងរែក ព្រំដែនកម្ពុជាថៃ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យមានចំនួន ២ ទៀតគឺ ប្រាសាទតាមាន់ និង ប្រាសាទតាក្របី ក៏មានភាពទាក់ទាញភ្ញៀវទេសចរខ្លាំងណាស់ដែរ ៕
រូបថតៈPech Mesa