ចូលឆ្នាំចិន ឆ្នាំនេះ ទៅលេងរមណីដ្ឋានទឹកជួរកាំពីម្តង ដឹងតែសប្បាយកប់ៗ
រមណីយដ្ឋានទឹកជួរកាំពីទន្លេមេគង្គ ជារមណីយដ្ឋាន ដែលមានភ្ញៀវទេសចរចូលទៅទស្សនាកម្សាន្តច្រើនជាងគេនៅក្នុងខេត្តក្រចេះ ព្រោះថា រមណីយដ្ឋានទឹកជួរកាំពីទន្លេមេគង្គ ជារមណីដ្ឋាន ដែលមានសោភ័ណភាពស្អាតជាងគេ មានទឹកហូរថ្លាឆ្វេង ។ ដោយនៅទីនោះមានរោងអង្គុយញ៉ាំ អាហារ ដែលសង់នៅលើទឹកហូរ អង្គុយទស្សនាទឹកហូរជាជួរៗ និង មានទឹកសម្រាប់ភ្ញៀវហែល ងូតលេងតាមចិត្ត ហើយតម្លៃរោងអង្គុយទស្សនានោះ មានតម្លៃសមរម្យ ព្រមទាំងម្ហូបអាហារមានអនាម័យល្អ ហើយមានរស់ជាតិឆ្ញាញ់ ។
នៅរមណីយដ្ឋានទឹកជួរកាំពី មានផ្នែកអនាម័យបរិស្ថាន សេវាកម្ម សន្តិសុខសណ្ដាប់ធ្នាប់ មានការសហការគ្នា បានល្អគ្រប់ផ្នែក សន្តិសុខសណ្ដាប់ធ្នាប់ និង ត្រួតពិនិត្យអនាម័យបរិស្ថាន នៅតាមកន្លែងរមណីយដ្ឋាននីមួយៗ ពិសេសរមណីយដ្ឋានទឹក ជួរកាំពីទន្លេមេគង្គ-កាំពី មានអ្នកដើរប្រមូលសំរាមជាប្រចាំ មានធុងសំរាម នៅតាមផ្ទះទឹក និង មានរៀបចំបង្គន់អនាម័យសម្រាប់ភ្ញៀវទេសចរផងដែរ ។
រមណីយដ្ឋានទឹកជួរកាំពីទន្លេមេគង្គ នៅតាមបណ្ដោយផ្លូវជាប់មាត់ទន្លេមេគង្គ ដែលមានចម្ងាយ ពីទីរួម ខេត្តប្រមាណជា ១៦គីឡូម៉ែត្រ ស្ថិតនៅភូមិសំបុក ឃុំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ៕