មិនបាច់ទៅណាឆ្ងាយទេ ឆ្លងឆ្នាំនេះទៅលេងទំនប់ម្លេច ធានាសប្បាយកប់!
ទំនប់ម្លេច ជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលមានទីតាំងស្ថិតនៅព្រំប្រទល់រវាងខេត្តកំពត និង ខេត្តតាកែវ ក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយប្រមាណជា ៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។
ដើម្បីទៅដល់រមណីយដ្ឋាននេះ បើលោកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញទៅដល់ព្រំប្រទល់រវាងខេត្តតាកែវ និង ខេត្តកំពត នៅដើមផ្លូវខាងស្តាំដៃ មានស្លាកអតីតសាកលវិទ្យាល័យ”ភូមិន្ទតាកែវ-កំពត” ដែលសាកលវិទ្យាល័យនេះ នៅសល់តែស្លាកឈ្មោះតែប៉ុណ្ណោះ រួចបត់ស្តាំចូលតាមផ្លូវដីប្រមាណជា ៦ គីឡូម៉ែត្រនឹងទៅដល់រមណីយដ្ឋានធម្មជាតិទំបន់ម្លេច ដែលស្ថិតនៅក្បែរភ្នំនារាយណ៍ និង ភ្នំមេអំបៅ ។
ទីតាំងរមណីយដ្ឋានទំនប់ម្លេចនេះ មានទេសភាពធម្មជាតិបៃតងយ៉ាងស្រស់បំព្រង ធ្វើឱ្យលោកអ្នករំសាយអស់ក្តីកង្វល់ និង ភាពនឿយហត់ទាំងឡាយ ជាមួយជួរភ្នំប្រជុំ ទៅដោយទេសភាពបៃតង និង ទឹកថ្លាឈ្វេងគួរឱ្យចង់ចុះងូតហែលលេង ខណៈខ្យល់ជំនោរបក់ត្រសៀកៗ មកប៉ះនឹងរាងកាយធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយជាមួយបរិយាកាស និង ទេសភាពនៅទីនោះ ។
ភ្ញៀវទេសចរអាចបោះតង់ អាំងសាច់ស្នាក់នៅក្នុងពេលរាត្រី ជិះកម្សាន្ត ហែលទឹកលេងក្នុងបឹងធម្មជាតិ អាចកុម្ម៉ង់ម្ហូបអាហារមកពិសារ ជួបជុំក្រុមគ្រួសារក៏បាន នៅក្នុងឱកាសឆ្លងឆ្នាំនេះ ប្រសិនបើភ្ញៀវទេសចរចង់ទៅលំហែរកាយនៅទំនប់ម្លេច លោក អ្នកអាចទាក់ទងមកកាន់លេខទូរស័ព្ទទាំងនេះ ៖ ០១១ ៨៨៨ ០៥៦ / ០១៦ ៨៨៨ ០៥៦ ៕
(រូបថតៈរមណីយដ្ឋានធម្មជាតិម្លេច)