បានទៅសៀមរាបលើកក្រោយ ទៅបាញ់ធ្នូលេង និង ភ្លក់រសជាតិម្ហូបស្រុកស្រែឆ្ងាញ់ៗនៅបន្ទាយជ័យ ៨០២
សៀមរាបជាទីក្រុងទេសចរណ៍វប្បធម៌ ដ៏សម្បូរបែប ដែលភ្ញៀវទេសចរជាតិ និង អន្តរជាតិតែងតែប្រាថ្នាចង់ទៅទីនោះ ។ ក្រៅពីការទស្សនា នៅរមណិយដ្ឋានអង្គរ រួចហើយ ភ្ញៀវទេសចរទាំងឡាយ តែងតែ ចង់ផ្លាស់ប្តូរការលំហែកាយថ្មី ដែលត្រូវបានគេបង្កើតឡើងដើម្បីទាក់ទាញភ្ញៀវទេសចរ ។
បន្ទាយជ័យ ៨០២ ជាកន្លែងបាញ់ធ្នូមួយត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាស ការលំហែកាយដល់ភ្ញៀវទេសចរ ។ បន្ទាយជ័យ៨០២ មានទីតាំងស្ថិតនៅ ភូមិស្ទឹង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបប៉ុណ្ណោះ ។
ពាក្យ «បន្ទាយជ័យ៨០២» អ្នករៀបចំបន្ទាយនេះ បានលើកឡើងថា បានបង្កប់នូវអត្ថន័យរម្លឹកពីឆ្នាំនៃសករាជ្យថ្មី ដែលព្រះមហាក្សត្រខ្មែរបង្រួបបង្រួមទឹកដីខ្មែរជាអាណាចក្រដ៏ខ្លាំង និង ជាឆ្នាំដែលបើកទំព័រថ្មីនៃការអភិវឌ្ឍន៍អាណាចក្រខ្មែរដ៏រុងរឿង ។ ហើយការដាក់ឈ្មោះបន្ទាយជ័យ៨០២ នេះដែរ ក៏ដើម្បីឱ្យស៊ីទៅនឹងទីតាំងដែលស្ថិតនៅតំបន់រលួស ដែលគេស្គាល់ថាជាអតីតរាជធានី បរិហរាល័យ និង ជារាជធានីដ៏រុងរឿង នៅសម័យកាលនោះ ។
ក្រៅពីការបាញ់ធ្នូ នៅបន្ទាយជ័យ៨០២ ភ្ញៀវទេសចរ ក៏អាច់បោះតង់ សម្រាក់នៅទីនោះ ព្រមទាំងបានភ្លក់រសជាតិម្ហូបអាហារ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និង អង្គុយក្រោមកញ្ចុះ ដ៏ស្រស់ស្អាត អមដោយម្លប់ដើមឈើ ដ៏ត្រជាក់ចិត្តក្រៃលែង ។ បើភ្ញៀវទេសចរទាំងឡាយចង់ទៅបាញ់ធ្នូលេងនៅបន្ទាយជ័យ៨០២ នោះ អាចទាក់ទងទៅកាន់លេខ ទូរសព្ទនេះ៖ ០៩៨ ៩៥ ៥៦ ៤៤ ៕
រូបភាព ៖ បន្ទាយជ័យ ៨០២