តោះ! ទៅគយគន់សម្រស់កូនក្រមុំជនជាតិភាគតិចទំពួន នៅខេត្តរតនគិរី
ប្រសិនបើភ្ញៀវទេសចរបានទៅដល់ខេត្តរតនគិរី មុខជានឹងបានឃើញកូនក្រមុំជនជាតិភាគតិចយ៉ាងស្អាតៗ ហើយពិតជាមានការចាប់អារម្មណ៍ខ្លាំងថា នៅលើទឹកដីភាគឦនោះ មានកូនក្រមុំស្អាតៗបែបនេះសោះ ។ ប៉ុន្តែអ្វីដែលពួកគាត់ចាប់អារម្មណ៍នោះ មិនបានដឹងថា ក្រមុំ រូបស្រស់ទាំងនោះ ចេញពីប្រភពណាឡើយ ។
តាមពិត ក្រមុំរូបស្រស់ ដែលភ្ញៀវទេសចរ បានទៅដល់ ខេត្តរតនគិរី ធ្លាប់បានឃើញនោះ គឺភាគច្រើន ជាកូនក្រមុំ ជនជាតិដើមភាគតិចទំពួន ការបង្ហាញនូវអត្តសញ្ញាណក្រមុំរូបស្រស់ទាំងនោះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ Soppy Seuy ទម្លាយឱ្យមហាជនបានដឹង ។
កញ្ញា ស៊ើយ សុភី បានបង្ហាញយោបល់តាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ពេលដែលខ្ញុំបានពាក់សម្លៀកបំពាក់ទាំងអស់នេះ មានមនុស្សជាច្រើនបានសួរមកកាន់ខ្ញុំថា តើនាងជាកូនជនជាតិមែន ? ខ្ញុំ ឆ្លើយថា ចា៎មែនហើយ ខ្ញុំជាជនជាតិដើមភាគតិច ! ពួកគាត់ សួរបន្តទៀតថា កូនជនជាតិម្ដេចក៏ស្អាតម៉្លេះ ? ពួកគាត់សួរខ្ញុំទៀតថា ចេះនិយាយភាសាជនជាតិអត់ ? ខ្ញុំ ឆ្លើយថា ចា ខ្ញុំចេះ ព្រោះជាភាសារបស់ខ្ញុំ ហើយក៏ចេះភាសាផ្សេងទៀតដែរ ។
ខ្ញុំ ចង់សួរអ្នកដែលតែងតែសួរបែបនឹង អ្នកគិតថា បងប្អូនជនជាតិដើមនឹងអត់ស្អាតម៉ងមែន ? ខ្ញុំមិនខឹងនឹងការសួរបែបនឹងទេ ខ្ញុំសប្បាយចិត្ត ដែលអ្នកចង់ដឹងពីវប្បធម៌របស់ពួកយើង ហើយខ្ញុំក៏មិនគិតថា ខ្លួនឯងស្អាតដែរ ។ ខ្ញុំចង់ប្រាប់មនុស្សទាំងអស់ឱ្យបានដឹងថា នៅមានបងប្អូនជនជាតិដើមច្រើនទៀតណាស់ ដែលពួកគាត់ស្អាតៗ ជាងខ្ញុំទៅទៀត ។
នាង ស៊ើយ សុភី បានបន្តទៀតថា បើអ្នកចូលចិត្ត និង ស្រឡាញ់វប្បធម៌មួយនេះ កុំភ្លេចចែករំលែកឱ្យអ្នកផ្សេងដឹងផង សូមអរគុណពីនាងខ្ញុំ ស៊ើយ សុភី ជនជាតិដើមភាគតិចទំពួន ៕