តោះបបួលគ្នា! ចុងសប្តាហ៍នេះ ទៅលម្ហែកាយជាមួយទេសភាពធម្មជាតិនៅអមលាំង
ប្រសិនបើលោក អ្នក ចង់ស្វែងរកការ សម្រាកលំហែរកាយ និង ការដើរកម្សាន្តតាមបែបធម្មជាតិនោះ គួរតែជ្រើសយក ដំណើរកម្សាន្តទៅតំបន់អមលាំងវិញម្តង ពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ ស្រស់ស្រាយជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាល នៅជុំវិញខ្លួនលោក អ្នកជាមិនខានឡើយ ។
ទេសភាពនៅតំបន់អមលាំង ដែលមើលទៅពិតជាចង់ឱ្យគយគន់នេះគឺ ស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយត្រឹមតែ ១០០ គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំពេញ ។ លោក អ្នកអាចទៅមកវិលល្ងាចបានយ៉ាងងាយស្រួល ដោយសារមានផ្លូវងាយស្រួលក្នុងការធ្វើដំណើរ ។ នៅតំបន់អមលាំង ហាក់បីដូចជាមានទេសភាព ២ ផ្សេងគ្នា គឺ ស្អាត ស្រស់ស្រាយ ស្ងប់ស្ងាត់ ។ ព្រោះនៅទីនោះ មាន សត្វបក្សាបក្សី ព្រៃភ្នំ ជ្រលងដងអូរ និង រំលេចទៅដោយចម្ការអំពៅ ពណ៌បៃតងខ្ចី ដែលមានផ្លូវខ្វាត់ខ្វែង គួរឱ្យជក់ចិត្ត ដិតអារម្មណ៍ក្រៃលែង ។
នៅចាំអីទៀត ចុងសប្តាហ៍នេះ នាំមិត្តភក្តិទៅលេងម្តង ទើបដឹងថា ទេសភាពនៅតំបន់អមលាំងនោះស្រស់ស្អាត និង ពិសេសបែបណានោះ ។ នៅទីនោះពិតជាមាន អ្វីផ្សេងៗលើសពីក្នុងរូបភាព ដែលបានបង្ហាញនេះរាប់រយដងឯណ្ណោះ ដែលមិនអាចពិពណ៌នាអស់ឡើយ ៕
(រូបរតៈPlanet Diew)