តំបន់ទេសចរណ៍ផ្សងព្រេងនៅភ្នំត្បែង មានទេសភាពស្រស់ស្អាតប្លែក
កាលពីពេលថ្មីៗនេះ នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នាយកដ្ឋានសិក្សាស្រាវជ្រាវ និង គោលនយោបាយទេសចរណ៍ និង មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានធ្វើដំណើរទស្សនកិច្ចផ្សងព្រេងឡើងភ្នំត្បែង ឬ ភ្នំត្បែងមានជ័យ ដើម្បីធ្វើការសិក្សាស្រាវជ្រាវសក្តានុពល និង រៀបចំសកម្មភាពទេសចរណ៍ និង ផ្សព្វផ្សាយជូនភ្ញៀវទេសចរ ផ្សងព្រេងភ្នំត្បែង ខេត្តព្រះវិហារដ៏មានសក្តានុពល ។
ដំណើរទស្សនកិច្ចនេះ គឺក្រុមការងារបានឡើងតាមច្រកសហគមន៍រុងរឿង ដែលជាការដើរឡើងតាមផ្លូវព្រៃ គឺឡើងតាមជម្រាលភ្នំ ដើរតាមក្រហែងថ្ម តោងដើមឈើមែកឈើ កាត់ព្រៃ កាត់ទឺក កាត់អូរ ស្ទឹង និង ឧបសគ្គនានាជាច្រើន ទម្រាំដល់គោលដៅ ដែលផ្តល់បទពិសោធន៍ពិតៗសម្រាប់ទេសចរណ៍ផ្សងព្រេងកម្សាន្តក្នុងព្រៃ ។
ចម្ងាយនៃការដើរឡើងរហូតដល់គោលដៅគឺមានចម្ងាយប្រមាណជា ៧ គីឡូម៉ែត្រ ក្នុងនោះ ពីជើងភ្នំដល់កំពូលភ្នំមានចម្ងាយប្រមាណជា ១ គីឡូម៉ែត្រ ដោយត្រូវប្រើរយៈពេលប្រមាណជា ១-២ ម៉ោងទៅតាមស្ថានភាពសុខភាពរបស់ភ្ញៀវទេសចរ ។ បន្ទាប់មក ត្រូវបន្តដំណើរប្រមាណជា ៦ គីឡូម៉ែត្រទៀត នៅលើកំពូលភ្នំដោយប្រើរយៈពេលពី ២-៣ ម៉ោង។ ប៉ុន្តែភ្ញៀវទេសចរអាចមានជម្រើសមួយទៀតគឺឡើងតាមច្រកស្រុកសង្គមថ្មី ដែលមានជណ្តើរឡើងប្រមាណជា ១៨០០ កាំ និង បន្តដើរប្រមាណជា ១-២ម៉ោង នឹងទៅដល់គោលដៅ ប៉ុន្តែគ្រាន់តែមិនបានទទួលបទពិសោធន៍នៃការដើរឡើងភ្នំតាមព្រៃ ។
ក្រោយពីធ្វើការសិក្សា ស្វែងយល់ ក្រុមការងាររបស់ក្រសួងទេសចរណ៍ បានកំណត់ថា ភ្នំត្បែងបង្កប់នូវសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ដែលមិនអាចបរិយាយអស់ រួមទាំងតំលៃវប្បធម៌ ដែលបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដែលរង់ចាំភ្ញៀវទេសចរទៅស្វែងយល់។ ក្រុមការងារនេះ បានបង្ហាញថា កម្ពុជាយើងមានតំបន់ទេសចរណ៍ស្រស់ស្អាត និង អស្ចារ្យមិនចាញ់ប្រទេសដទៃឡើយ ៕
(រូបថត នាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ )