ទេសភាពទឹកធ្លាក់តេជោបុស្សស្បូវ ស្រុកជាំក្សាន្ត កំពុងមានភាពទាក់ទាញខ្លាំង
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប៉ុន្មានថ្ងៃកន្លងទៅនេះ ទឹកធ្លាក់តេជោបុស្សស្បូវ មានការទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ដោយភ្ញៀវទេសចរបាននាំគ្នាទៅសម្រាកលំហែរកាយ ងូតទឹកលេង និង ទស្សនាទេសភាពធម្មជាតិ ដ៏ស្រស់បំព្រង នៅលើកំពូលភ្នំដងរែក នារដូវស្សានេះ ។
ទឹកថ្លាក់តេជោបុស្សស្បូវនេះ ស្ថិតនៅក្នុង ភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើភ្ញៀវទេសចរ ចង់ធ្វើដំណើរទៅកាន់ទីនោះ ត្រូវធ្វើដំណើរចេញពីរង្វង់មូលទីប្រជុំជនស្រអែម មានចម្ងាយផ្លូវប្រហែល ២៥ គីឡូម៉ែត្រ ឬ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពី ប្រាសាទព្រះវិហារ មានចម្ងាយផ្លូវប្រហែល ២០ គីឡូម៉ែត្រ តាមផ្លូវក្រាលគ្រួសក្រហម ។
រមណីយដ្ឋាន ទឹកធ្លាក់តេជោបុស្សស្បូវនេះ ស្ថិតនៅក្នុងតំបន់គ្រប់គ្រង ដោយកងយោធពលខេមរភូមិន្ទរបស់កងឯកភាពសឹករងខេត្តព្រះវិហារ ប៉ុន្តែទោះបីជាយ៉ាងណា វាមិនមែនជាឧបសគ្គដល់ការធ្វើដំណើរទៅសម្រាកលំហែកាយរបស់ភ្ញៀវទេសចរឡើយ ។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើនបាននាំគ្នាទៅលេង នៅទឹកធ្លាក់តេជោបុស្សស្បូវនេះ យ៉ាងសប្បាយរីករាយ ៕