ទៅលេងនៅភ្នំប្រសិទ្ធ តិចអត់ស្គាល់ប្រាសាទស្រីគ្រប់លក្ខណ៍
មានភ្ញៀវទេសចរជាច្រើនដែលបានទៅលម្ហែកាយនៅរមណីយដ្ឋានភ្នំប្រសិទ្ធហើយមិនស្គាល់ប្រាសាទស្រីគ្រប់លក្ខណ៍ដែលនៅលើចង្កេះភ្នំប្រសិទ្ធភាគខាងជើង ខេត្តកំពង់ស្ពឺឡើយ ប៉ុន្តែប្រសិនបើលោកអ្នកបានទៅដល់ទីនោះនឹងធ្វើឱ្យអារម្មណ៍មានការស្រងេះស្រងោច នូវភាពឯកានៃប្រាសាទនេះ ។
ប្រាសាទស្រីគ្រប់លក្ខណ៍ ជាប្រាសាទឥដ្ឋដែលមានវ័យចំណាស់ជាងគេក្នុងតំបន់ ដោយហេតុថាប្រាសាទនោះត្រូវបានសាងសង់នាសម័យវប្បធម៌ចេនឡា ។ ពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់ស.តទី ៧ នៃគ.ស ភ្នំនៅទីនោះ និង ដោយឡែកគឺភ្នំប្រសិទ្ធត្រូវបានគេចាត់ទុកថាជាកន្លែងពិសិដ្ឋអស្ចារ្យ ។ នេះដោយសារតែជនជាតិខ្មែរ មានជំនឿទៅលើមហិទ្ធិឫទ្ធិនៃភ្នំ និង រូងភ្នំ ដែលពួកគេចាត់ទុកថាជាកន្លែងដែលពោរពេញទៅដោយបារមីស័ក្តិសិទ្ធិគួរជាទីសក្ការៈបូជា ។
ប្រាសាទស្រីគ្រប់លក្ខណ៍ មានក្បាច់រចនាយ៉ាងល្អប្រណីត ថ្វីត្បិតតែត្រូវរបេះជ្រុះ ឬរលុបសឹងទាំងអស់ក៏ដោយ ។ បូជនីយដ្ឋាននេះដែលដំបូលត្រូវរលំបាក់ មានមុខបែរទៅទិសខាងកើត ហើយដូចទីតាំងស័ក្តិសិទ្ធផ្សេងៗឯទៀត ក្នុងសម័យចេនឡាដែរ ប្រាសាទមានទ្វារបញ្ឆោត៣គឺ នៅខាងលិច ត្បូង និងជើង ។ នៅលើជញ្ជាំងទាំង ៤ ទិសនៃប្រាសាទ គេឃើញមាន សសរពេជ្រតូចៗធ្វើអំពីឥដ្ឋ លើកលែងតែទ្វារពិត ដែលមានសសរពេជ្រធ្វើពីថ្មភក់ពីរទ្រក្បាច់ផ្តែរ និង មានរាងក្បាច់ផ្កាជាបន្ទាត់កោង ។ នៅតាមស៊ុមទ្វារនីមួយៗ មានក្បាច់វិមានអាកាសតូចៗពីរទាំងសងខាង ។
អាយុកាលរបស់ប្រាសាទត្រូវបានកំណត់ ដោយសិលាចារឹកមួយផ្ទាំងដែលមានចុះកាលបរិច្ឆេទ ត្រូវនឹងឆ្នាំ ៦៦៧ នៃគ.ស ។ ដូចនេះប្រាសាទត្រូវបានសាងសង់ឡើង ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ១ (៦៥៥-៦៨១ នៃគ.ស) ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា (សិវនិកាយ) ។ ម្យ៉ាងវិញទៀត តាមការវិភាគក្បាច់ផ្តែរបានឱ្យដឹងថា ប្រាសាទនេះស្ថិតក្នុងអន្តរកាលរវាងរចនាបថព្រៃក្មេង និង កំពង់ព្រះ ៕