វត្ដកំផែង ជាគោលដៅទេសចរណ៍វប្បធម៌ នៅខេត្តបាត់ដំបង
វត្តបាការនិវេសន៍ ឬ វត្ដកំផែងមានទីតាំងស្ថិតនៅតាមផ្លូវលេខ៣ នៅទិសខាងត្យូងឈាងខាងលិចសាលាខេត្ដបាត់ដំបង មានចម្ងាយប្រមាណជា ២០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អ្នកទេសចរអាចទៅទស្សនានៅទីនោះ ដោយថ្មើរជើង ។
តាមសៀវភៅរបស់លោក តូច ឈួង ដែលមានចំណងជើង«បាត់ដំបងសម័យលោកម្ចាស់ » បានឱ្យដឹងថា វត្ដកំផែងបានស្ថាបនាឡើង ដោយលោកស្រី ធិម ដែលត្រូវជាលោកជំទាវលោកម្ចាស់ កថាថន ញ៉ុញ ហើយត្រូវជាម្ដាយលោកម្ចាស់ កថាថន ឈុំ ។ ខាងជើងព្រះវិហារ មានចេតីយ៍ មានកំពូលដ៏ស្រួចត្រដែតគឺចេតីយ៍ព្រះអរហន្តធាតុ ស្ថាបនាតាំងពីពេលធ្វើកំផែងនៅរវាងឆ្នាំ ១៨៣៧ ម្ល៉េះ។ប៉ុន្តែតាមឯកសាររបស់រដ្ឋបាលខេត្ត បាត់ដំបង វត្ដនេះមានអាយុកាលប្រហែល ១០០៣ទៅ ១០០៤ឆ្នាំមកហើយ នៅក្នុងសម័យ ស្តេច ស៊ីសុវត្ដិ ដែលបានធ្វើការជួសជុលពីរលើកមកហើយ និង លើកទីបីនៅឆ្នាំ ១៩៩៨ ។
ពីដើមទីតាំងវត្ដនេះ ស្ថិតនៅចាប់ពីផ្លូវលេខ ៣ ទៅទិសខាងកើត ក្រោយមកត្រូវសាងសង់ផ្លូវលេខ ៣ កាត់តាមបរិវេណវត្ដនេះ ទើបមានការផ្លាស់ប្តូរទីតាំងវត្តមកខាងលិចផ្លូវលេខ ៣ វិញ។ វត្ដកំផែងនេះ កកើតឡើង ដោយមូលហេតុមួយទៀតគឺពុទ្ធបរិស័ទពិបាកឆ្លងស្ទឹងសង្កែ ទើបសម្រេចបង្កើតវត្ដនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពុទ្ធបរិស័ទមកធ្វើបុណ្យ ។
វត្ដកំផែងមានទីធ្លាធំទូលាយមានទេសភាព និង សួនច្បារ ដែលរៀបចំឡើងយ៉ាងមានរបៀបរៀបរយដែលបង្ករឱ្យមានបរិយាកាសល្អ ។ អគារនិមួយៗតុបតែងដោយក្បូរក្បាច់រចនាខ្មែរសុទ្ធសាទ ហើយនៅក្នុងវត្ដនេះ ក៏មានអគារពីរជាន់សម្រាប់តម្កល់ព្រះអរហន្ដធាតុ និង បេតិភណ្ឌជាតិ។ ក្នុងឱកាសបុណ្យប្រពៃណីធំៗ តែងតែមានពុទ្ធបរិស័ទមក ធ្វើបុណ្យ និង មកកម្សាន្តន្ដនៅទីនេះយ៉ាងកុះករ សព្វថ្ងៃ វត្ដកំផែងបានក្លាយទៅជាគោលដៅទេសចរណ៍ វប្បធម៌ផងដែរ នៅក្នុងខេត្តបាត់ដំបងនេះ ៕