ទំនប់ទឹកថ្មី ក្នុងទឹកដីអន្លង់វែង មានទេសភាពទាក់ទាញខ្លាំង
នៅពេលនេះ ទឹកភ្លៀងចាប់ផ្ដើមធ្លាក់ ដែលធ្វើឱ្យទឹកទន្លេបឹងបួផ្ដើមឡើងជាបណ្តើរៗ ឯផ្ទៃទឹកនៅទំនប់ទឹក ទំនប់ថ្មី រំលេចជាសោភ័ណភាពដ៏ស្រស់ត្រកាល បង្កើតបានជាទេសភាពសម្រាប់ទស្សនាកម្សាន្ត និង ងូតទឹកលេង របស់ភ្ញៀវទេសចរមកពីគ្រប់ទិសទីផងដែរ។
ទោះបីជាពេលនេះមិនទាន់មានទឹក ពេញអាងក្តី ក៏ស្ថានភាពទឹកក្នុងទំនប់ល្មមអាចភ្ញៀវទៅលេងកម្សាន្តបានស្រួលដែរ ។ ទំនប់ទឹកនេះ សម្រាប់ស្រោចស្រពដំណាំប្រជាកសិករ បានយ៉ាងល្អប្រសើរ ហើយបានប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ថ្មី ដែលអ្នកស្រុកហៅថា ទំនប់ ៣០០ បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ ជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និង ថ្ងៃបុណ្យទានផ្សេងៗមានភ្ញៀវទេសចរទៅលេងច្រើន ។
ទំនប់ថ្មីនេះ ត្រូវបានកសាងឡើងក្នុងសម័យកាលសមាហរណកម្មខ្មែរក្រហម នៅអំឡុងឆ្នាំ ១៩៩៨ ទំនប់ទឹកនេះ ស្ថិតនៅក្នុងភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុក ខេត្ដឧត្ដរមានជ័យ ដែលមានប្រវែង ៣០០ ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋនៅទីនោះហៅឈ្មោះថា ទំនប់ថ្មី ឬ ទំនប់ ៣០០។
បើលោក អ្នកចង់ធ្វើដំណើរទៅកម្សាន្តនៅទីនោះ លោកអ្នកត្រូវធ្វើដំណើរចេញពីក្រុងអន្លង់វែងឆ្ពោះទៅក្រុងសំរោង ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រ លោក អ្នកនឹងបានឃើញផ្ទាំងប៉ាណូមួយនៅខាងឆ្វេងចង្អុលផ្លូវចូលទៅតំបន់ទឹកធ្លាក់ ដែលមានចម្ងាយ ១១ គីឡូម៉ែត្រទៀត ទើបទៅដល់ ៕