ទឹកធ្លាក់វាលថ្មហួត មានទេសភាពស្រស់ស្អាតខ្លាំង តែមិនសូវមានអ្នកទៅដល់
នៅតំបន់ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ក្រៅពីមានទេសភាពដ៏ស្រស់ស្អាតហើយនោះ នៅទីនោះក៏មានធម្មជាតិយ៉ាងស្រស់បំព្រង និង ជាច្រើនកន្លែងទៀត ដែលមានភាពទាក់ទាញយ៉ាងខ្លាំង។ ទឹកធ្លាក់វាលថ្មហួត ជាទឹកធ្លាក់ដ៏មានប្រជាប្រិយភាពមួយនៅតំបន់នោះ ដែលមានទេសភាពស្រស់ស្អាត តែមិនសូវមានអ្នកបានទៅដល់ ។
ទឹកធ្លាក់វាលថ្មហួត បានពួនសំងំលាក់ខ្លួនរក្សាសម្រស់ ប្រៀបបានទៅនឹងក្រមុំចូលម្លប់នៅក្នុងគេហដ្ឋានដ៏ស្កឹមស្កៃនៃទឹកដីភ្នំត្បែងមានជ័យដូច្នោះឯង ។ ទិដ្ធភាពនៅតំបន់ទឹកធ្លាក់នេះ មានភាពប្លែកពេកហើយ ហាក់ដូចជានៅប្រទេសទីទៃឆ្ងាយពីដែនបុរីកម្ពុជា ។
នៅទីនោះខ្សែរទឹកហូរមកពីទីឆ្ងាយតាមបណ្តោយស្ទឹង ហូរធ្លាក់ជាច្រើនដំណាក់ កាត់វាលដ៏ធំ ដែលអ្នកក្នុងតំបន់នេះហៅថាវាលថ្មហួត ។ ទឹកបានហូរមកពីគ្រប់ទិសទីចាក់បញ្ជូលក្នុងស្ទឹងនេះ មុននឹងហូរធ្លាក់ទៅដល់ដំណាក់ខ្ពស់បំផុត ជាកន្លែងទឹ កធ្លាក់ថ្មហួត ។
ទឹកធ្លាក់វាលថ្មហួតមានកម្ពស់ប្រមាណជា ១៥ ម៉ែត្រ មានទឹកធ្លាក់ជាបីដំណាក់។ ដំណាក់ខាងលើភ្ជាប់ពីស្ទឹង កម្ពស់ប្រហែល ១ ម៉ែត្រកន្លះ ហូរបន្តទៅដំណាក់ទីពីរ កម្ពស់ប្រហែលជាងមួយម៉ែត្រ និង បន្តហូរធ្លាក់ទៅដំណាក់ទី៣ ដែលមានកម្ពស់ប្រហែលជិត ១០ ម៉ែត្រ ហូរចាក់ចូលទៅក្នុងអន្លង់ទឹក ដែលមានជម្រៅប្រហែល ២ ម៉ែត្រ។
ក្រៅពីទឹកធ្លាក់ ក៏មានដើមឈើធំៗដុះគ្របពីលើផ្តល់នូវម្លប់យ៉ាងត្រជាក់ ហើយទឹកមានសភាពថ្លាយង់មើលឃើញដល់ដី អមដោយកូនត្រីហែលឆ្វែងឆ្វាត់ ។ វាលថ្មហួត និង ទឹកធ្លាក់វាលថ្មហួត ស្ថិតនៅមិនឆ្ងាយពីវត្តតាំងយូនោះទេ។ ធ្វើដំណើរដោយថ្មើរជើងពីវត្តតាំងយូប្រហែលជា ១៥ នាទី លើរយៈចម្ងាយប្រហែលជា ១ គីឡូម៉ែត្រទៅទិសលិច ៕
រូបថត៖ ពនេចរថតរូប