វត្តទួលរាជា ជារមណីយដ្ឋានបែបព្រះពុទ្ធសាសនាគ្មានពីរនៅក្នុងកម្ពុជា
វត្តទូលរាជា ជាវត្តព្រះពុទ្ធសាសនាដ៏ស្កមស្កៃមួយ ដែលមានសំណង់ពុទ្ធសាសនាធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា វត្តនេះសម្បូរទៅដោយ សមិទ្ធិផល និង ព្រះពុទ្ធរូបដ៏ធំស្កឹមស្កៃ ដែលផុសចេញនៅលើទីទួលខ្ពស់មួយ ស្របតាមមាត់ទន្លេបាសាកនៅត្រើយខាងកើត ស្ថិតនៅក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ។
វត្តទូលរាជានេះ ស្ថិតនៅចម្ងាយពីក្រុងតាខ្មៅប្រមាណជា ៣០គីឡូម៉ែត្រ ដោយឆ្លងស្ពានព្រែកសំរោងទៅត្រើយខាងកើតតាមផ្លូវជាតិមាត់ទន្លេរហូតដល់វត្តទួលរាជា ឬ មួយ ក៏ធ្វើដំណើរចេញពីតាខ្មៅតាមផ្លូវជាតិលេខ ២១ កាត់ស្រុកស្អាង ស្រុកកោះធំ រួចឆ្លងស្ពានកោះធំ ហើយត្រឡប់ថយក្រោយបន្តិចនឹងបានឃើញ វត្តទួរាជា ។
ទោះបីជាពេលនេះ វត្តទួលរាជាមានភាពស្ងប់ស្ងាត់បន្តិច ដោយសារតែការកើតរឿងអាស្រូវ របស់អ្នកផ្តើមគំនិតសាងសង់វត្តនេះក្តី ក៏ទីនេះបានបន្សល់នូវរមណីយដ្ឋានបែបសាសនាដ៏ស្កឹមស្កៃមួយគ្មានពីរឡើយ ។ ប្រសិនបើលោកអ្នកបានទៅដល់វត្តទួលរាជា លោកអ្នកនឹងលាន់មាត់សរសើរមិនដាច់ពីមាត់ ពីសមិទ្ធផលជាច្រើនដូចផ្សិតរំលេចទៅដោយក្បូរក្បាច់រចនាបថខ្មែរសុទ្ធ សាធ។
ព្រះពុទ្ធរូបទ្រង់គង់ពែនព្រះភ្នែនមានកម្ពស់ខ្ពស់ត្រដែតត្រដឹម ដែលអាចធ្វើឱ្យយើងសម្លឹងមើលឃើញពីចម្ងាយហាក់បីដូចជាផ្ទាំងគំនូរដ៏ល្អវិចិត្រ ដែលផុសចេញនៅកណ្ដាលវេហា។ នេះជាព្រះពុទ្ធរូបដ៏ធំសម្បើមតំណាងឱ្យព្រះសមណគោត្តបរមគ្រូ ដែលព្រះអង្គទ្រង់បានឈ្នះអស់មាសសត្រូវ។ ចំណែកឯ ព្រះពុទ្ធបដិមាប្រក់នាគទ្រង់គង់ពែនព្រះភ្នែនដែរ នៅផ្នែកស្ដាំ ដៃ បើយើងសម្លឹងមើលពីមុខយើងឃើញថា ពិតជាមានសោភ័ណភាពស្រស់ស្អាតគួរជាទីជ្រះថ្លានៃពុទ្ធសាសនិកជន គ្រប់មជ្ឈដ្ឋាន និង មានរចនាបថខ្មែរដ៏ល្អឥតខ្ចោះ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរពិតៗ ក្រៅពីនេះ ក៏មានសំណងយ៉ាងច្រើនរាប់មិនអស់ទៀត ត្រូវបានសាងសង់នៅទីនោះ ។
ប៉ុន្តែអ្វីដែគួរឱ្យសោកស្តាយនៅពេលនះ វត្តទួលរាជា ហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ ទាំងភ្ញៀវទេសចរ ក៏ពំុសូវមានទៅទស្សនាច្រើន ឯការថែទាំក៏មិនសូវល្អដូចមុន តាំងពីមានរឿងរបស់លោកគ្រូធាន វទ្ធី ដែលជាអ្នកសាងសង់វត្តនេះ រួចមកនោះ៕
ដោយ៖សុថាត់