ឃើញទេសភាពទឹកធ្លាក់ឆាយខ្ពស់ ស្រស់ស្អាតបែបនេះ ចង់ទៅលេងភ្លាម(វីដេអូ)
បើលោក អ្នក ចូលចិត្តធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនោះ លោកអ្នកមិនគួរមើលរំលង ទឹកធ្លាក់ឆាយខ្ពស់ នៅសហគមន៍អេកូទេសចរណ៍ ជីផាត ដែលមានទីតាំងស្ថិតនៅតំបន់អារ៉ែង ក្នុង ភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងឡើយ នៅទីនោះពិតជាស្រស់ស្អាតគ្មានពីរ ដែលភ្ញៀវទេសចរកម្របានជួបពីមុនមកណាស់ ។
បើចង់ធ្វើដំណើរទៅកម្សាន្តនៅទឹកធ្លាក់ឆាយខ្ពស់នោះ គឺចេញពីផ្លូវជាតិលេខ ៤៨ នៅម្តុំបង្គោលគីឡូម៉ែត្រលេខ ៤៥-៤៦ ភូមិព្រលាន ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ រួចបត់ស្តាំ បើមកពីភ្នំពេញត្រូវបត់ឆ្វេង បើចេញពីក្រុងខេមរភូមិន្ទ ចូលតាមផ្លូវក្រាលគ្រួសក្រហមចម្ងាយ ១៨ គីឡូម៉ែត្រ គឺមកដល់សាលាឃុំជីផាត នឹងបានទៅដល់ទឹកធ្លាក់ឆាយខ្ពស់នោះ ជាពុំខាន ។
ទឹកធ្លាក់ឆាយខ្ពស់ ជារមណីយដ្ឋានទឹកធ្លាក់ដ៏អស្ចារ្យមួយ ក្នុងចំណោម អេកូទេសចរដ៏ល្អឯកជាច្រើនទៀត នៅក្នុងតំបន់អារ៉ែង ដែលកំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រងនៅកណ្តាលព្រៃភ្នំក្រមថ្ម បើលោកអ្នកបានទៅដល់ទីនោះ ប្រាកដជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។ ទឹកធ្លាក់ឆាយខ្ពស់នេះមានប្រភពចេញពីជួរភ្នំក្រវាញភាគខាងត្បូង ដោយហូរកាត់ព្រៃភ្នំក្រមថ្មរាប់រយគីឡូម៉ែត្រ ទើបទៅដល់ទីនោះ រួចហូរធ្លាក់ទៅដៃសមុទ្រ គឺព្រែកជីផាតនេះឯង ។
ក្រៅពីទឹកធ្លាក់ឆាយខ្ពស់ដ៏ស្រស់ស្អាតនោះ ភ្ញៀវទេសចរក៏មានឱកាសទៅទស្សនា តំបន់វប្បធម៌បញ្ចុះសពបុរាណ ទស្សនាប្រភេទសត្វកម្រចំនួន ៣១ ប្រភេទ ដែលមាននៅសេសសល់ចុងក្រោយ ក្នុងប្រទេសកម្ពុជា និង សត្វផ្សេងៗទៀត ដែលគេកម្រនឹងបានជួបប្រទះនៅកន្លែងផ្សេងៗទៀតណាស់ ។
សត្វទាំងនោះបាន និង កំពុងរស់នៅលាក់ខ្លួនក្នុងធម្មជាតិយ៉ាងសុខសាន្ត មានដូចជា សត្វកេងកង ក្រពើភ្នំ ដំរី ខ្លាឃ្មុំ ត្រីនាជ ខ្លា ទន្សោង ខ្ចីង រម៉ាំង ប្រើស ឈ្លូស ពង្រូល កាំប្រម៉ា ក្ងោក ក្អែក ទុង ពស់ថ្លាន់ និង ពស់ហនុមានជាដើម ៕
ដោយ៖ សុថាត់ ( ប្រភពវីដេអូ មន្ទីរទេសចរណ៍ខេត្តកោះកុង )