ទួលបុស្សភ្ញៀវ ជាទ្រនំត្រយ៉ងចង្កំ ក-ស ធំជាងគេបំផុតលើលោក
តាមការចេញផ្សាយសារអេឡិចត្រូនិក របស់អង្គការ ជីវិតសត្វស្លាបអន្តរជាតិ BirdLife នាពេលថ្មីៗនេះបានបង្ហាញថា ទួលបុស្សភ្ញៀវ ស្ថិតនៅក្នុង ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចគឺជាទ្រនំសត្វត្រយ៉ងចង្កំ ក ស ធំជាងគេបំផុត នៅលើពិភពលោក ដែលជាប្រភេទជិតផុតពូជបំផុត (IUCN Red List)។
ទួលបុស្សភ្ញៀវ ជាទ្រនំ និង ជាទីជម្រកដែលសំបូរប្រភពចំណីនៅរដូវវស្សា កំពុងទ្រទ្រង់សត្វប្រភេទនេះដល់ទៅជាង៤០ភាគរយនៃចំនួនសរុបមាននៅក្នុងពិភពលោក។ វាស្ថិតក្រៅតំបន់ ការពារ ក្នុងទីតាំងព្រៃរិចរិល ដែលមានដើមឈើងាប់ជាច្រើន ជាប់ជាមួយវាលស្រែបោះបង់ចោល និង ជាវាលស្មៅសើមមានសម្ងាយប្រហែល ៦គីឡូម៉េត្រខាងត្បូងដែនជម្រកសត្វព្រៃ សៀមប៉ាងខាងលិច ។ កាលពីខែកក្កដា កន្លងទៅនេះ ត្រយ៉ងចង្កំ ក ស ចំនួន ២៥៣ ក្បាល ក្នុងចំណោម ៣១២ ក្បាលនៃដែនជម្រកសៀមប៉ាង កំពុងប្រើប្រាស់ទ្រនំទួលបុស្សភ្ញៀវនេះ។
ក្រៅពីត្រយងចង្កំ ក ស ទីតាំងនេះ ក៏កំពុងទ្រទ្រង់ដល់ប្រភេទសត្វរងការគំរាមកំហែងជាសកលផ្សេងទៀត ដូចជា ត្រយ៉ងយក្ស ត្រដក់តូច និង កុកពាក់ អំបោះ ជាដើម ។ បច្ចុប្បន្ន តំបន់នេះកំពុងរង ការគំរាមកំហែងតាមរយៈការបរបាញ់ ការទន្ទ្រានដី និង ការរំខានពីមនុស្ស អាស្រ័យដោយទីតាំងនោះស្ថិតនៅក្រៅតំបន់ការពារ។
អាស្រ័យដោយភាពពិសេសគ្មានពីរនៃទីតាំងនេះ អង្គការជីវិតសត្វស្លាបអន្តរជាតិ កម្មវិធីប្រចាំកម្ពុជាសូមសំណូមពរដល់សហគមន៍មូលដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តស្ទឹងត្រែង និង ក្រសួងបរិស្ថានមេត្តាគាំទ្រដល់សំណើរក្នុងការរៀបចំ តំបន់ដ៍តូចនេះ ជាតំបន់ការពារថា្នក់ខេត្ត និង ចូលរួមការពារទីជម្រកនេះកុំឱ្យបាត់បង់ ៕
ដោយ៖សុថាត់