ចុងសប្តាហ៍នេះ ទៅបោះតង់សម្រាកលម្ហែកាយនៅទំនប់ម្លិចឱ្យសប្បាយម្តង !
ក្រៅពីទេសភាពដ៏ស្រស់ស្អាតនៅជាប់ជើងភ្នំ និង មានផ្ទៃទឹកល្ហរល្ហេវ ថ្លាយង់ ព្រមទាំងមានខ្យល់អាកាសល្អបរិសុទ្ធហើយនោះ ទំនប់ម្លិចបានក្លាយទៅជាកន្លែងបោះតង់សម្រាកលម្ហែកាយ នៅពេលរាត្រីដ៏ពេញនិយមមួយទៀត សម្រាប់ភ្ញៀវទេសចរនៅខេត្តកំពត ។
ទំនប់ម្លិចមានទីតាំងស្ថិតនៅព្រំប្រទល់រវាង ខេត្តកំពត និង តាកែវ នៅក្នុងឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយប្រមាណជា ៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ។
នៅដើមផ្លូវ មុនពេលចូលទៅដល់ទំនប់ម្លិចគឺមានអតីតសកលវិទ្យាល័យមួយមានឈ្មោះថា “ភូមិន្ទតាកែវ កំពត”ដែលកសាងឡើងក្នុងសម័យសង្គមរាស្រ្តនិយម ប៉ុន្តែសាកលវិទ្យាល័យមួយនេះ នៅសល់តែស្លាកឈ្មោះតែប៉ុណ្ណោះ។ គ្រាន់តែជិះចូលភ្លាម យើងនឹងឃើញទេសភាព ចម្ការអ្នកស្រុក ភ្នំនារាយណ៍ ឬ ភ្នំមេអំបៅ អមសងខាងផ្លូវមានទេសភាព ដ៏ស្រស់បំព្រង ។
នៅពេលនេះ ទំនប់ម្លិច មានវាលស្មៅពណ៌បៃតងស្រស់ អាកាសធាតុក៏ប្រែជាត្រជាក់ជាងមុន ឯសត្វស្លាបបានហោះហើរស្វែងរកចំណីទាំងហ្វូងៗ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ហើយពួកគាត់បាននាំគ្នាមកអង្គុយថតរូបផ្តិតយកទេសភាពវាលស្មៅនៅក្បែរមាត់បឹង ដែលមានជួរភ្នំនៅពីក្រោយយ៉ាងវែងអន្លាយដាច់កន្ទុយភ្នែកដើម្បីទុកជាអនុស្សាវរីយ ៕
ដោយ៖សុថាត់ (រូបថត វ៉ើន សៅនី )