ចម្លាក់ជាប់ផ្ទាំងថ្មដ៏អស្ចារ្យ ដូចក្នុងព្រេងនិទាន អាយុកាលពាន់ឆ្នាំនៅសៀមរាប មិនសូវមានអ្នកស្គាល់
មហេន្ទ្របពត៌ជាឈ្មោះដើមទីតាំងមួយកន្លែងមានផ្ទាំងគំនូ និង ចម្លាក់ជាប់ផ្ទាំងថ្មដ៏អស្ចារ្យបំផុត នៅក្បែរជើងភ្នំគូលែន ដែលអ្នកស្រុកហៅថា ពើងគំនូ នៅតែមិនមានអ្នកស្គាល់ និង បានទៅដល់ច្រើនប៉ុន្មានឡើយ ។ ស្ថិតនៅកណ្ដាលព្រៃស្រោង ស្ងាត់ជ្រងំ មានសំឡេងសត្វយំអឺងកងរំពងពេញព្រៃ នៅខាងកើតជើងភ្នំគូលែន ក្នុងទឹកដីខេត្តសៀមរាប ពើងគំនូ ប្រៀបបានដូចជាទីឋានដ៏មហស្ចារ្យក្នុងរឿងព្រេងនិទានមួយ តែវាជាការពិតមានលើទឹកដីកម្ពុជា ដែលជាកេរមរតកមានតម្លៃដ៏មហាសាល ដែលដូនតាខ្មែរបន្សល់ទុកតាំងពីសតវត្សទី ១១ មកម្ល៉េះ ។
តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ឱ្យដឹងថា ពើងគំនូរត្រូវបានកសាងឡើងនៅសតវត្សទី១១ នៃគ.ស ស្ថិតនៅភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប ។ ជាទីតាំងដ៏សំខាន់មួយនៅសតវត្សរ៍ទី ១១ ដោយទីនោះមានចម្លាក់ផ្សេងៗជាច្រើនដូចជា ចម្លាក់ព្រះគណេសដៃ ៨ ចម្លាក់លិង្គ ចម្លាក់ព្រះវិស្ណុ ចម្លាក់ព្រះឥសូ រូបគំនូរត្រីប្រវែងប្រមាណ ១ ម៉ែត្រ គូដោយប្រើពណ៌ក្រហមព្រាល ។
តាមសិលាចារឹកប្រហែលជាចារនៅសតវត្សរ៍ទី ១១ នៃគ.ស បង្ហាញថា ពើងគំនូរជាទីតាំងរបស់ព្រះរាជគ្រូ របស់មហាក្សត្រព្រះនាមថា «ព្រះសិវៈសោម» ក្នុងនោះសិលាចារឹកក៏បានបង្ហាញពីព្រះបាទជ័យវរ្ម័នទី ២ ក្នុងឈ្មោះជាមរណនាមថា ព្រះបរមេស្វរៈ និង ភ្នំមហេន្ទ្រ (ភ្នំគូលែន) ។
ដើម្បីអាចទៅដល់ទីតាំងនោះ គឺត្រូវធ្វើដំណើរតាមផ្លូវទៅប្រាសាទបឹងមាលា ជិះទៅត្រង់រហូតដល់ផ្លូវបំបែកស្វាយលើ បត់ទៅទិសខាងកើត (ស្ដាំដៃ) ប្រហែល ១ គីឡូម៉ែត្រ នោះយើងនឹងទៅដល់ជើងភ្នំគូលែន ។ ទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវមួយដែលគ្របដណ្ដប់ដោយឫស្សីប្រមាណ ៣ គីឡូម៉ែត្រទៀត ទើបទៅដល់ទីតាំងដ៏អស្ចារ្យនេះ ៕
អត្ថបទ ៖ ច័ន្ទឬទ្ធិ
រូបភាពដោយ ៖ នួន សិរីរតន៍