ទៅខេត្តកោះកុងលើកក្រោយ ទៅលេងកោះស្រឡៅម្តងហើយ
ប្រសិនបើលោកអ្នកបានទៅដល់ទឹកដីខេត្តកោះកុងហើយនោះ គួរតែចំណាយពេលវេលាខ្លះ ដើម្បីទៅលេងកោះស្រឡៅបន្តិច វាពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ដោយគ្រាន់តែចំណាយ ២ ម៉ោងដោយការជិះទូកដ ឬ កន្លះម៉ោងដោយជិះ អូប័រ តាមដងព្រែក ដែលមានព្រៃកោងកាងនឹងបានដល់កោះស្រឡៅនោះហើយ ។
កោះស្រឡៅមានសហគមន៍មួយមានឈ្មោះថា សហគមន៍កោះស្រឡៅ ដែលបានបង្កើតឡើង នៅកំឡុង ឆ្នាំ ២០០០-២០០២ ដែលស្ថិតនៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានប្រជាជនជាង ២០០ គ្រួសាររស់នៅទីនោះ និង ជាសហគមន៍មួយ ដែលមានព្រៃកោងកាងស្អាតបំផុតជាប់ជាមួយផែនទីអភិរក្សព្រៃកោងកាងពាមក្រសោបនៅក្នុងប្រទេសកម្ពុជា និង ជាសហគមន៍គំរូ ដែលមានបរិស្ថានស្អាតជាងគេផងដែរ ។ ហើយសហគមន៍មួយនេះមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ធម្មជាតិ និង ជាកន្លែងដែលភ្ញៀវទេសចរចូលចិត្តថតរូបព្រៃកោងកាងដែលឈរបង្អួតសម្រស់នៅតាមមាត់ព្រែកដែលមានឆ្នេរខ្សាច់ពណ៌សអមជាមួយ ព្រមទាំងសកម្មភាពសហគមន៍កំពុងធ្វើការនេសាទផងដែរ ។
ដោយសារសហគមន៍ទទួលបានប្រាក់ចំណូលមួយផ្នែកធំបានមកពីផលនេសាទ និង មួយផ្អែកទៀតទទួលបានមកពីវិស័យទេសចរណ៍ ហើយបានធ្វើឱ្យជីវភាពរបស់ពួកគាត់ធូធារ និង កូនៗបានចូលសាលាទទួលការអប់រំខ្ពស់ ហើយការរស់នៅមានសុខភាពអនាម័យល្អ ៕
ដោយ៖សុថាត់ (រូបថត My Adventure Drive)