ល្អខ្លាំងណាស់ ! រដ្ឋាភិបាលគ្រោងប្រែក្លាយតំបន់ជុំវិញអង្គរ ភ្នំគូលែន និង តំបន់បឹងទន្លេសាប ជាកន្លែងទាក់ទាញទេសចរណ៍ថ្មី !
ឥឡូវនេះ ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋាភិបាលបានរៀបចំនូវផែនការមេដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយរៀបចំតំបន់នៅជុំវិញអង្គរ តំបន់ភ្នំគូលែន តំបន់បឹងទន្លេសាប និង តំបន់ដែលមានសក្តានុពលដទៃទៀត នៅជុំវិញនោះត្រូវប្រែក្លាយ ឬ អភិវឌ្ឍន៍ទៅជាផលិតផលទេសចរណ៍ថ្មីៗ ដែលនេះជាយុទ្ធសាស្ត្រថ្មីមួយទៀតដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនានៅខេត្តសៀមរាបឱ្យបានកាន់តែច្រើន ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា តំបន់សៀមរាប-អង្គរ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ដោយបានធ្វើឱ្យកំណើនទេសចរកាន់តែកើនឡើងជារៀងរាល់ឆ្នាំ ។ តួយ៉ាងនៅឆ្នាំ២០១៨កន្លងទៅ មានភ្ញៀវទេសចរប្រមាណជា ៥លាននាក់ បានទៅទស្សនាតំបន់សៀមរាប-អង្គរទាំងមូល ក្នុងចំណោមនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ២,៥០លាននាក់ផងដែរ ។ ប៉ុន្តែកំណើននេះអាចនឹងថមថយទៅវិញ ប្រសិនបើកម្ពុជាមិនព្រមបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ជាកត្តាទាក់ទាញបន្ថែម ពីព្រោះភ្ញៀវទេសចរមួយចំនួនមិនប្រាកដថា មកមើលតែប្រាសាទអង្គរ និងប្រាសាទដទៃទៀត ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌអង្គរនោះឡើយ ពោលគឺពួកគេប្រាកដជាត្រូវការដើរកម្សាន្តនៅកន្លែងផ្សេងទៀត ដែលនៅមិនឆ្ងាយពីតំបន់អង្គរ ។
ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការរៀបចំផែនការមេនេះ គឺដើម្បីចូលរួមសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ដែលនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥ និង ប្រមាណជា ១៥លាននាក់ នៅឆ្នាំ២០៣០ ៕
ដោយ ៖ ចំណូល