តោះ! ចុងសប្តាហ៍នេះ ទៅបោះតង់អាំងសាច់ នៅភ្នំត្បែង
ប្រសិនបើ លោកអ្នកបានធ្វើដំណើរទៅដល់ខេត្តព្រះវិហារ គួរតែចំណាយពេល ទៅសម្រាកលំហែកាយ ឬ ទៅបោះតង់សម្រាកនៅទីនោះបានមួយយប់ វាពិតជាធ្វើឱ្យអារម្មណ៍លោកអ្នកមានភាពស្រស់ស្រាយ ជាមួយ វប្បធម៌ ទេសភាព និង ធម្មជាតិទាំងឡាយនៅក្នុងតំបន់រម្មណីយដ្ឋានភ្នំត្បែង ។
រមណីយដ្ឋានភ្នំត្បែង ឬ ភ្នំត្បែងមានជ័យនេះ មានទីតាំងស្ថិតនៅក្នុងទឹកដី ខេត្តព្រះវិហារ ត្រូវបានប្រជាជនខ្មែរគ្រប់សម័យកាលចាត់ទុកថា ជាភ្នំដ៏ពិសិដ្ឋ រហូតមកដល់សព្វថ្ងៃនេះ ពុំទាន់មានការស្រាវជ្រាវឱ្យស៊ីជម្រៅណាមួយពាក់ព័ន្ធទៅនឹងខាងបុរាណវីទ្យា ជាតិពិន្ធុវិទ្យានៅទីនោះនៅឡើយ ។
តំបន់បេតិកភណ្ឌភ្នំត្បែងនេះ គ្រប់ដណ្តប់ចំនួន ៥ ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និង រវៀង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូល ជាតំបន់ភ្នំត្បែង ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ ។
ក្រៅពីបង្កប់នូវវប្បធម៌ដ៏ចំណាស់ ដែលគេពិបាកនឹងយល់នោះ នៅតំបន់ភ្នំត្បែង ក៏មានសម្រស់ធម្មជាតិជាច្រើនទៀត ដែលរងចាំស្វាគមន៍ភ្ញៀវទេសចរ ដែលបានទៅដល់ទឹកដី ដែលសម្បូរទៅដោយវប្បធម៌ និង ធម្មជាតិមួយនេះ ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បានឱ្យដឹងថា តំបន់ធម្មជាតិភ្នំត្បែងនេះ គឺជាផលិតផលថ្មីមួយ សម្រាប់វិស័យទេសចរណ៍ក្នុងខេត្ត ដែលកំពុងទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ ឱ្យទៅកម្សាន្តរាល់ថ្ងៃ មិនថា ថ្ងៃបុណ្យ ថ្ងៃឈប់សម្រាក ឬ ថ្ងៃធម្មតាឡើយ ៕
ដោយ៖សុថាត់(រូបថត Piseth Srun និង Loritta Grape Perfect)