សម្រស់ធម្មជាតិទឹកធ្លាក់ស្ទឹងពង្រូល នាដើមរដូវវស្សា ឃើញហើយចង់ទៅលេងភ្លាម !
នៅដើមរដូវវស្សានេះ សម្រស់ធម្មជាតិ នៃ ទឹកធ្លាក់ស្ទឹងពង្រូលមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ។ ប្រសិនបើលោកអ្នកបានទៅលំហែកាយនៅទីនោះ ពិតជាមានអារម្មណ៍ប្លែក និង ស្រស់ស្រាយជាមួយទេសភាពធម្មជាតិនៅទីនោះជាពុំខាន ។
ទឹកធ្លាក់ស្ទឹងពង្រូលនេះ ស្ថិតនៅក្នុងព្រៃស្រោងនៃព្រំប្រទល់ ស្រុកថ្មបាំង និង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាផ្នែកមួយនៃតំបន់ធម្មជាតិអារែងតែម្តង ។ ប្រសិនបើភ្ញៀវទេសចរទាំងឡាយចង់ធ្វើដំណើរទៅលេងកម្សាន្តនៅទឹកធ្លាក់ស្ទឹងពង្រូលនោះ លោកអ្នកអាចចូលតាម ផ្លូវ ស្រុក ស្រែអំបិល ។
ទឹកធ្លាក់ស្ទឹងពង្រូល ជាទឹកធ្លាក់មួយ ដែលលាក់ខ្ឡួននៅក្នុងព្រៃ ដែលមានទេសភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់ក្រៃលែង។ នៅគ្រប់រដូវកាល ទឹកធ្លាក់ស្ទឹងពង្រូល មានអំណោយផលល្អខ្លាំងណាស់ ដែលបច្ចុប្បន្នខាងមន្ទីរទេសចរណ៍ខេត្តកោះកុងបាន និង កំពុងធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំទីនេះ ឱ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកាន់តែមានភាពទាក់ទាញ ថែមមួយកម្រិតទៀត ៕
ដោយ៖សុថាត់(រូបថត Dlr Lada)