ធ្លាក់ភ្លៀងមួយមេ ផ្កាស្បៃរឿងនៅស្រុកកំរៀង រីកស្រុះគ្នាក្រហមឆ្អៅ ស្រស់ស្អាតបំផុត !
ចម្ការផ្កាស្បៃរឿងកំពុងតែរីកយ៉ាងស្គុសស្គាយរងចាំស្វាគមន៍ភ្ញៀវទេសចរពីតំបន់ជិត ឆ្ងាយ ដែលទៅកម្សាន្តនៅទីនោះ ។ ពេលលោកអ្នកធ្វើដំណើរទៅដល់តំបន់ព្រំដែន នៃ ស្រុកកំរៀង ខេត្តបាត់ដំបងហើយនោះ ក៏គួរតែឈៀងចូលទៅទស្សនា និង ផ្តិតយករូបភាព ចម្ការផ្កាស្បៃរឿងនោះបន្តិច វាពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
លោកស្រី ម៉ែន សុជាតា ដែលជាម្ចាស់ចម្ការផ្កាស្បៃរឿង នៅភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបងជាប់ព្រំដែនកម្ពុជា-ថៃនោះបានឱ្យដឹងថា ដំបូងឡើយគ្រួសារគាត់ដាំចម្ការស្បៃរឿង សម្រាប់ធ្វើការនាំចេញទៅប្រទេសថៃតែប៉ុណ្ណោះ តែពេលនេះ វាបានកំពុងតែរីកយ៉ាងល្អ ហាក់រងចាំភ្ញៀវទេសចរ ដែលចូលទៅកម្សាន្តនៅទីនោះ មុននឹងគាត់កាត់ផ្កាវាយកទៅលក់នៅប្រទេសថៃនោះ ។
លោកស្រី ម៉ែន សុជាតា បានរៀបរាប់ទៀតថា គាត់បានដាំចម្ការផ្កាស្បៃរឿងលើផ្ទៃដីមួយហិកតាក្នុងមួយឆ្នាំកាត់ដាំបាន ៣ ដង ដែលមួយលើៗ គាត់អាចចំណេញ ពី ៣០ ទៅ ៤០ ម៉ឺនបាត ប៉ុន្តែបើពេលណាផ្កាឱ្យផលល្អ និង មានអ្នកត្រូវការច្រើនគាត់អាចរកចំណូលបាន ១ លានបាតក៏មាន ។
គាត់បានបន្តថា នៅក្នុងមូលដ្ឋានរបស់គាត់មានចម្ការស្បៃរឿង ជាច្រើនគ្រួសារដែរ ហើយពួកគាត់អាចចំណេញច្រើន ឬ តិច អាស្រ័យទៅលើការថែទាំ និង ទីផ្សារនៅថៃតែប៉ុណ្ណោះ ។ ពេលនេះ ទោះបីជាគាត់ដាំផ្កាស្បៃរឿង ទុកសម្រាប់លក់ទៅប្រទេសថៃក្តី តែចម្ការផ្កាស្បៃរឿងរបស់គាត់នាពេលនេះបានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយ ដោយមានភ្ញៀវទេសចរមកពីតំបន់ ឬ ខេត្តផ្សេងៗបានចូលទៅទស្សនាកម្សាន្ត និង ថតរូបភាពទុកជាអានុស្សាវរីយ៍ជាហូរហែ ៕
ដោយ៖សុថាត់