តោះ ! ទៅទស្សនាសត្វព្រៃកម្រៗនៅអាស្រមមេត្តាធម្មជាតិ !
អាស្រមមេត្តាធម្មជាតិ គឺជាជម្រកដ៏សុខសាន្តរបស់សត្វព្រៃទាំងឡាយ ដែលនៅសល់ចុងក្រោយ ហើយវាបានមករស់នៅ យ៉ាងសុខសាន្ត រួចផុតពីការបរបាញ់ និង ការកាប់ព្រៃយ៉ាងរង្គាល់ នៅតំបន់ភ្នំឱរ៉ាល់ ។ អាស្រម មេត្តាធម្មជាតិនេះស្ថិតនៅក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តំបន់ជួរភ្នំឱរ៉ាល់ ។
ព្រះគ្រូ ព្រហ្ម ធម្មជាតិ គង់នៅក្នុងអាស្រម មេត្តាធម្មជាតិ ភ្នំឱរ៉ាល់ មានសង្ឃដីកាថា ព្រានប្រមាញ់ បានបាញ់ ទាក់ ចូលមករំខានរាល់ថ្ងៃ ទោះបីមានការខិតខំថែទាំ និង អភិរក្សយ៉ាងណាក៏ដោយ ។ សព្វថ្ងៃនេះ មានសត្វ ស្វាព្រាន ស្វាក្រេះ ទោច រញី កំប្រុក ច្រើនប្រភេទ មាន់ព្រៃ មាន់ក្រិច មាន់អ្វីម្យ៉ាង មិនស្គាល់ឈ្មោះ កេងកងតូច កេងកងធំ ក្ងោក ទីទុយ ឳឡស្លឹក ហើយឃើញសត្វស្លាប់ម្យ៉ាងមាន-កវែងយំឮៗ នៅពេលរាងរាល់ល្ងាច ឮសូរសំឡេងស្រដៀងទៅនឹងសំឡេងសត្វទីទុយ ប៉ុន្តែមិនស្គាល់ឈ្មោះវា កំពុងរស់នៅទីនេះ។
ក្រៅពីសត្វទាំងនេះ មាន ឈ្លូស ប្រើស ក្ដាន់ញ៉ែង ពស់ថ្លាន់ ពស់វែកក្របី ពស់ដំបងច្រុះ ពង្រូ អន្សង ត្រកួត ត្រង និង មានក្រុមសត្វទន្សោងខ្លះបានរត់គេចពីមនុស្សចូលមកពួនខ្លួនម្ដងៗនៅទីនេះ នៅពេលដែលពួកវាផ្អើលពីមនុស្សម្នាចូលមកលុកលុយរំខានពួកវានៅតំបន់ព្រៃភ្នំជាដើម។ មានសត្វស្លាប ល្មូន ឧរង្គមាន សត្វក្រញ៉ូងក្រញ៉ាង ទទាជើងបៃតង) សត្វឆ្មាបា ជាដើមផងដែរ និង សត្វតូចតាចបន្ទាប់បន្សំផ្សេងៗជាច្រើនទៀត ដែលយើងលំបាករៀបរាប់ឱ្យអស់សត្វ ដែលបានចូលមករស់នៅទីនេះណាស់ ។
ព្រះគ្រូ ព្រហ្ម ធម្មជាតិ មានសង្ឃដីការទៀតថា ក្នុងចំណោមសត្វទាំងនោះ មានបាត់មុខសត្វមួយចំនួនដែលធ្លាប់ឃើញ នាពេលកន្លងមក តែឥឡូវលែងឃើញទៀតហើយ ព្រោះព្រៃកាន់តែហោចទៅៗ។មកដល់ពេលនេះ បាត់សត្វធ្លាប់ឃើញដូចជា ខ្លាឃ្មុំ ចចក ឆ្កែព្រៃ ជ្រូក ព្រុល មាន់ទោព្រៃ ឳឡធំ អក ជាដើម…៕
ដោយ៖ សុថាត់