តែប៉ុណ្ណេះ ភ្ញៀវទេសចរធ្វើដំណើរទស្សនាប្រាសាទបេងមាលា បានស្រួលហើយ!
ស្ពានឈើប្រវែង ២១៥ ម៉ែត្រ ដែលសាងសង់នៅប្រាសាទបេងមាលា ជំនួសស្ពានឈើចាស់ ដែលមានសភាពចាស់ទ្រុឌទ្រោមនោះត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ។ បន្ទាប់ពីសាងសង់ស្ពានឈើនេះហើយ បានធ្វើឱ្យប្រាសាទនេះ កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់ផ្តល់ការងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅទស្សនាសំណង់ប្រាសាទបុរាណដ៏អស្ចារ្យមួយនេះ ។
ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ លោកបណ្ឌិត ឈាន រដ្ឋា បានឱ្យដឹងថា ភាពទាក់ទាញនៃប្រាសាទបេងមាលា គឺសំណង់ស្ថាបត្យកម្មដ៏មហិមារំលេចទៅដោយក្បូរក្បាច់រចនាសម្បូរបែប រួមផ្សំនឹងភាពសុខដុមរមនារវាងប្រាសាទ និង ធម្មជាតិ ដែលរក្សានូវភាពដើមរបស់ប្រាសាទរួមនឹងវត្តមានស្ពានឈើ ដ៏វែងជួយសម្រួលដល់ការទស្សនារបស់ភ្ញៀវ។ កត្តាទាំងនេះហើយ ដែលប្រាសាទបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្នុងរដូវភ្ញៀវតិចពី១៥០០០នាក់ទៅ៣០០០០នាក់ និង រដូវភ្ញៀវច្រើនពី៣០ ០០០នាក់ដល់ជាង៤០០០០នាក់។ ចំណែកប្រវត្តិនៃស្ពានឈើនេះវិញគឺបានសង់ឡើងនៅឆ្នាំ២០០២ ដោយក្រុមហ៊ុនភាពយន្តអន្តរជាតិមួយ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាក្នុងការថតរឿងនៅក្នុងប្រាសាទបេងមាលា ដើម្បីងាយស្រួលជញ្ជូនឧបករណ៍ថតកុនដែលមានទម្ងន់ធ្ងន់ៗ។ ក្រោយពីបញ្ចប់ការថត អាជ្ញាធរជាតិអប្សរាបានថែរក្សា និង ជួសជុលស្ពាននេះបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការទស្សនាប្រាសាទ។
លោកបណ្ឌិត ឈាន រដ្ឋា បានបន្តទៀតថា ស្ពានឈើក្នុងប្រាសាទបេងមាលានេះ មានប្រវែងសរុប២៩៥ម៉ែត្រ ធ្លាប់ធ្វើការជួសជុលបីលើករួចមកហើយ គឺនៅឆ្នាំ២០០៥ ២០០៨ និង២០១៥ ។ ថ្មីៗនេះ ដោយសារស្ពានចាស់មានសភាពទ្រុឌទ្រោម ដោយកត្តាអាយុកាល គុណភាពឈើ អាកាសធាតុ ធ្វើឱ្យស្ពានពុកផុយអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវ ពិសេសស្ពានមានទំហំតូច ចង្អៀតមិនសមនឹងកំណើនទេសចរ ទើបអាជ្ញាធរជាតិអប្សរាដោយសហការជាមួយក្រុមហ៊ុន ខាំសុម៉េត បានសម្រេចធ្វើការរុះរើ និង សាងសង់ថ្មីប្រវែង២១៥ម៉ែត្រ លើប្រវែងសរុប និងគ្រោងចំណាយពេលបីខែក្នុងការសាងសង់ តែដោយសារការផ្គត់ផ្គង់ឈើមានការយឺតយ៉ាវ ទើបពន្យាពេលរហូតដល់ដល់៧ខែ (តុលា ២០១៨ ដល់ ឧសភា ២០១៩) ទើបបញ្ចប់។
ស្ពាននេះចំណាយឈើសាងសង់អស់ប្រមាណជា៨៣ម៉ែត្រគូប ដែលធ្វើពីឈើគគីរ ផ្ចឹក និងរាំង មានការរចនាស្អាត រឹងមាំអាចធន់បានរហូតដល់ជាង១០ឆ្នាំ ថែមទាំងបានពង្រីកទំហំពី៨០សង់ទីម៉ែត្រទៅ១.៥០ម៉ែត្រ ដើម្បីទេសចរងាយស្រួលដើរទស្សនាទៅវិញទៅមក ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សារា ៕
ដោយ ៖ ចំណូល