សម្រស់ធម្មជាតិ នៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ ពិតជាស្រស់ស្អាតខ្លាំង នាដើមរដូវវស្សា
រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិអន្លង់ស្វាយមានចម្ងាយ ៥៧ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ។ ដើម្បីទៅដល់ទីនោះ លោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៥៣ ផ្លូវក្រាលកៅស៊ូយ៉ាងស្អាត ដែលទើបស្ថាបនាហើយថ្មីៗ មានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រ ទើបទៅដល់ រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិអន្លង់ស្វាយ ។
នៅដើមរដូវស្សានេះ ទោះបីជាមិនសូវមានទឹកធ្លាក់ច្រើនក្តី ក៏ទេសភាពនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយនោះ នៅតែមានទេសភាពធម្មជាតិស្រស់ស្អាតមិនចាញ់ទឹកធ្លាក់នៅតំបន់នានាក្នុងខេត្តផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជាឡើយ ។ ភ្ញៀវទេសចរអាចទៅលំហែកាយនៅទីនោះ វិលល្ងាចក៏បាន ឬ បោះតង់សម្រាកនៅទីនោះក៏បាន ។
បច្ចុប្បន្នមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានរៀបចំគម្រោងចងក្រងជាសហគមន៍រមណីយដ្ឋានទឹកធ្លាក់អន្លុងស្វាយនេះ ហើយបើកវគ្គបំប៉នសមត្ថភាពដល់គណៈកម្មការសហគមន៍ បើកវគ្គផ្សព្វផ្សាយពីអនាម័យក្នុងសហគមន៍ បណ្តុះបណ្តាលវិជ្ជាជីវៈដល់សហគមន៍មានត្បាញ កាត់ដេរ ធ្វើវត្ថុអនុស្សាវរីយ៍ ចុងភៅ រៀបចំឱ្យមានរបាំត្រុដិ ឆៃយ៉ាំ របាំប្រពៃណី និង ធ្វើខ្លោងទ្វាររមណីយដ្ឋាន ធ្វើស្លាកចង្អុលបង្ហាញផងដែរ ។
រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយមានទឹកធ្លាក់ពីជួរភ្នំឱរ៉ាល់មកដល់ទីនោះតែម្តង ។ ហើយភ្ញៀវទេសចរ ដែលធ្លាប់បានទៅហើយ គឺតែងតែចង់ទៅម្តងទៀត ព្រោះថា នៅទីនោះពិតជាមានធម្មជាតិស្រស់ស្អាត ទឹកធ្លាក់ថ្លាឆ្វង់ និង ខ្យល់អាកាសបរិសុទ្ធ ៕
ដោយ៖ សុថាត់
រូបថត៖ My Adventure