ក្រៅពីជាកន្លែងគោរពសក្ការផ្នែកព្រះពុទ្ធសាសនា វត្តឯឡការាមក៏ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញផងដែរ
ភ្ញៀវទេសចរ និង អ្នកដំណើរទាំងឡាយ កាលបើបានធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៥នោះ ក៏គួរតែឆៀងចូលទស្សនា និង ថតរូបលេង នៅក្នុងសួនច្បារ នៅក្នុងបរិវេណវត្តឯឡការាមហៅ ពពែក្រោម ដែលមានទីតាំងស្ថិតនៅក្នុងភូមិពពែ ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ។
ប្រសិនបើលោកអ្នកបានទៅដល់ទីនោះ វាពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែក និង ស្រស់ស្រាយជាមួយផ្កាចម្រុះពណ៌ ត្រូវបានព្រះសង្ឃដាំដើម្បីលម្អ នៅក្នុងបរិវេណវត្ត ។ ក្រៅពីសួនផ្កាយ៉ាងស្រស់បំព្រង ក៏មានសំណង់ពុទ្ធសាសនាត្រូវបានសាងសង់ឡើងយ៉ាងទាក់ទាញ និង មានរបៀបរៀបរយ រងចាំពុទ្ធបរិស័ទ ចូលទៅធ្វើបុណ្យ តាមបំណងប្រាថ្នារៀងៗខ្លួន ។
នៅក្នុងវត្តឯឡការាម ហៅ ពពែក្រោម ក្រៅពីសួនច្បារ សំណងពុទ្ធសាសនាយ៉ាងទាក់ទាញនោះ នៅទីនោះក៏មានស្ថានីយ៍វិទ្យុមេត្តា ដែលធ្វើការផ្សព្វផ្សាយ និង អប់រំផ្នែកព្រះពុទ្ធសាសនា ដ៏ពេញនិយមផងដែរ ហើយនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ នៅក្នុងវត្តនេះនឹងរៀបចំធ្វើពិធីបុណ្យគម្រប់៥ ឆ្នាំនៃការបង្កើតស្ថានីយ៍វិទ្យុមេត្តានេះ ៕
ដោយ៖សុថាត់