នៅរដូវស្សា ទឹកជ្រោះចាអុង ពិតជាមានទេសភាពស្រស់ស្អាតខ្លាំង !
នៅលើទឹកដីខេត្តរតនគិរីមានតំបន់ទឹកជ្រោះធម្មជាតិជាច្រើនកន្លែង ដែលលាក់ខ្លួនពួនអាត្មា នៅតាមជ្រលងព្រៃភ្នំ ។ រាល់តំបន់ទឹកជ្រោះទាំងនោះគឺមានទេសភាពយ៉ាងស្រស់បំព្រង នាដើមរដូវវស្សានេះ ជាពិសេសទឹកជ្រោះចាអុង តែម្តង ដែលត្រូវបានភ្ញៀវទេសចរចាត់ទុកថា ជាតំបន់ទឹកជ្រោះដ៏ស្រស់ស្អាតជាងគេ នៅខេត្តរតនគិរី ។
ទឹកជ្រោះចាអុងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រកុលសម្ព័ន្ធភ្នំគ្រឹង ក្នុងភូមិចាអុង ឃុំចាអុង ស្រុកអូរជុំ ខេត្តរតនគិរី។ ដើម្បីទៅដល់ទឹកជ្រោះចាអុងនេះ ភ្ញៀវទេសចរចាំបាច់ត្រូវធ្វើដំណើរចម្ងាយ ២ គីឡូម៉ែត្រ ចេញពីក្រុងបាលុងតាមផ្លូវជាតិលេខ ៧៨ បន្ទាប់មកបត់ស្តាំ ចូលទៅតាមផ្លូវលំមួយមានចម្ងាយប្រហែលជា ៦ គីឡូម៉ែត្រទៀតនឹងបានទៅដល់ ទឹកជ្រោះចាអុងនោះជាមិនខាន ។
នៅពេលទៅដល់តំបន់ទឹកជ្រោះចាអុង ក្នុងរដូវភ្លៀងធ្លាក់នោះ គឺ ភ្ញៀវទេសចរជាតិ និង អន្តរជាតិប្រាកដជានឹងបានសប្បាយរីករាយជាមួយនឹងធាតុអាកាស ដ៏សែនត្រជាក់បក់ប៉ះនឹងរាងកាយធ្វើឱ្យយើងរីករាយក្រៃលែង ។ ប្រសិនបើយើងក្រឡេកមើលទៅទឹកជ្រោះ ដែលកំពុងតែហូរធ្លាក់តាមចន្លោះថ្មដាឯណោះវិញឃើញថា វារឹតតែគួរឱ្យអស្ចារ្យខ្លាំងណាស់ សម្រាប់ចំណីចក្ខុរបស់អ្នកទេសចរ ដែលបានមកដល់តំបន់ទេសចរណ៍ទឹកជ្រោះចាអុងនេះ ។
ទឹកជ្រោះចាអុងគឺជាកន្លែងកម្សាន្តបែបធម្មជាតិមួយ សម្រាប់ជួយលួងលោមបំបាត់នូវភាពនឿយហត់របស់អ្នកទេសចរឱ្យស្លុងអារម្មណ៍ជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅទីនោះ ។ អ្វីដែលរឹតតែធ្វើឱ្យយើងមិនអាចបំភ្លេចបានទៀតនោះគឺការងូតទឹកជ្រោះលេងដ៏ត្រជាក់ដូចទឹកអម្រិត ដែលហូរធ្លាក់ពីជ្រលងភ្នំបោកបាចសក្បុសដូចបំណែកព្រិលធ្លាក់ទ្រគោះបោះបោកនឹងផ្ទាំងថ្មដាតូចធំ ប្រគំបានជា តន្ត្រីធម្មជាតិយ៉ាងពីរោះខ្ទរខ្ទារកងរំពងពេញព្រៃ ។
ទឹកជ្រោះចាអុងមានប្រភពទឹកហូរធ្លាក់មកពីភ្នំឥសីបតមៈហៅភ្នំស្វាយ ដែលនៅជិតក្រុងបានលុង ដែលហូរធ្លាក់មានកម្ពស់ ២៥ ម៉ែត្រហូរខួបប្រាំង វស្សា ប៉ុន្តែនៅរដូវប្រាំងទឹកហូរមិនច្រើននោះទេគឺហូររឹមៗប៉ុណ្ណោះ។ នៅជុំវិញតំបន់ទឹកធ្លាក់ចាអុងនេះដែរគឺហ៊ុមព័ទ្ធទៅដោយដើមរុក្ខជាតិដុះឡើងជាច្រើនបានបង្អួតសម្រស់លាយឡំជាមួយនឹងខ្សែទឹកធ្លាក់បែកផ្សែង ប៉ះជាមួយមែកឈើ និង វល្លិ៍ធ្លាក់រយីងរយោងបង្កើតបានជាឥន្ទធនូយ៉ាងស្រស់ស្អាត ៕
ដោយ៖សុថាត់