ស្ពានស្ទឹងបត់ក្លាយទៅរមណីយដ្ឋានទេសចរណ៍ថ្មីដ៏ទាក់ទាញ !
ក្រោយពីសម្ភោធច្រកទ្វារអន្តរជាតិស្ទឹងបត់ ជាផ្លូវការរួចមកនោះ នៅលើស្ពាននៃច្រកស្ទឹងបត់បានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ថ្មីមួយទៀត នៅច្រកព្រំដែនកម្ពុជា-ថៃ ដែលនៅមិនឆ្ងាយប៉ុន្មាន ពីក្រុងប៉ោយប៉ែតឡើយ ។
ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលថ្ងៃរសៀល មានភ្ញៀវទេសចរប្រមាណជា ២០០នាក់ បានទៅលេងកម្សាន្ត នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលតភ្ជាប់ពីច្រកទ្វារទៅផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ឱ្យតែពេលរសៀលចូលមកដល់ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋបាននាំគ្រួសារប្រពន្ធ កូនទៅលេងកម្សាន្តនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិស្ទឹងបត់ ដោយនាំគ្នាឈរមើលទេសភាព និង យកខ្យល់អាកាសនៅពេលល្ងាច ។ នៅក្បាលស្ពានមិត្តភាពច្រកទ្វារអន្តរជាតិស្ទឹងបទគេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋបានធ្វើតូបលក់អីវ៉ាន់ សម្រាប់ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅទីនោះ ។
ពលរដ្ឋលក់ដូរនៅទីនោះ បានសំដែងនូវក្តីសប្បាយរីករាយ នៅពេលតំបន់នោះបានក្លាយទៅជារមណីយដ្ឋាទេសចរណ៍ថ្មីមួយ ហើយប្រជាពលរដ្ឋនៅទីនោះ ក៏មានមុខរបររកស៊ីថ្មីមួយទៀតផងដែរ ៕
ដោយ៖សុថាត់